ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ៖ ខ្ញុំពេញចិត្ត ព្រោះឃើញយុវជនខ្មែរម្នាក់មានមោទនភាពជាខ្មែរ ខណៈComment ចូលនិយាយរឿងស្រុកទេសតថភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា៖ ពីថ្ងៃមុន ពេលខ្ញុំបង្ហោះព័ត៌មានស្តីពីបាតុកម្មដោយយុវជនមួយចំនួននៅបាងកក ក៏មានអ្នកចូលមើល ហើយក៏មានអ្នកបញ្ចេញមតិ ។ ក្នុងនោះក៏មានក្រុមដែលតែងបង្អាប់ស្រុកលើកសរសើរថៃ និយាយងាកមកបង្អាប់ខ្មែរថាមិនដូចគេ ហើយក៏មានក្រុមតបតទៅវិញ​ ។ អ្វីដែលខ្ញុំពេញចិត្តគឺឃើញយុវជនម្នាក់ (ខ្ញុំមិននិយាយឈ្មោះដើម្បីកុំអោយយករឿងនេះជាមូលបទជេរបញ្ចោរគ្នា) បាននិយាយថា​ «បើអញ្ចឹង​ម៉េចមិនទៅនៅថៃទៅ !​» ។ លោករដ្ឋមន្ត្រីបន្តថា៖ ខ្ញុំពេញចិត្ត ព្រោះឃើញយុវជនខ្មែរម្នាក់មានមោទនភាពជាខ្មែរ។​កាលពីទសវត្សរ៍​ ៧០​ និង ៨០ ពេលខ្មែរហែកហួរគ្នា កាលណាមានរឿងអី អ្នកជិតខាងយើងខ្លះដៀលគ្នា​ថា «រញីរញ៉ៃដូចខ្មែរ» ខ្លះដៀលកូនចៅមិនស្តាប់ដំបូន្មានថា​ «អ្ហែងជាតិក្រោយអោយកើតជាខ្មែរទៅ !» ។ អ្នកកើតក្រោយ ៩០ មិនស្គាល់ភាពអាម៉ាស ពេលដែលទៅក្រៅប្រទេសយើងនិយាយថាយើងមកពីខ្មែរ គេមើលយើងដូចយើងមកពីភពផ្សេង មិនស្គាល់ភាពឈឺចាប់ខំធ្វើការដើម្បីជាតិរស់គេមើលយើងដូចខ្ញុំបរទេស រហូតស្ទើរតែមិនចង់ប្រាប់គេថាយើងជាខ្មែរ​ ។ សំដីប្អូនម្នាក់ដែលនិយាយខាងលើនេះ បានបង្ហាញថាយុវជនខ្មែរចេះមានមោទនភាពថាខ្លួនជាខ្មែរហើយ ថ្វីបើយើងនៅតែមានមនុស្សតិចតួចលើកបរទេសដាក់លើក្បាលក៏ដោយ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖