ព័ត៌មានទាន់ហេតុការណ៍៖

លោក ញឹក បានខេង បានស្នើឲ្យក្រុមការងារទាំងអស់ខិតខំអនុវត្តន៍ភារកិច្ចក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រធានក្រុមការងារគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនខេត្តកំពង់ធំ ជំរុញឲ្យក្រុមការងារខិតខំអនុវត្តន៍ភារកិច្ចក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដោយឈរលើឆន្ទៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក ញឹក បានខេង អភិបាលរងខេត្ត ប្រធានក្រុមការងារគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន បានស្នើឲ្យក្រុមការងារទាំងអស់ខិតខំអនុវត្តន៍ភារកិច្ចក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជននេះដោយឈរលើឆន្ទៈដាច់ខាតដើម្បីបម្រើដល់ប្រយោជន៍របស់អតីតយុទ្ធជន ដែលពួកគាត់បានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ។

លោក ញឹក បានខេង បានសំណូមពរឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក និងបណ្ដាមន្ទីរស្ថាប័នដែលមានការពាក់ព័ន្ធត្រូវចុះទៅដោះស្រាយបញ្ហានេះ ឲ្យបានជាបន្ទាន់ដើម្បីប្ដេជ្ញាចិត្តរៀបចំដីសម្បទានសង្គមកិច្ចនេះ ផ្ដល់ជូនអតីតយុទ្ធជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានលើកឡើងអំពីសភាពការណ៍ទូទៅ ស្ដីពីបច្ចុប្បន្នភាព អតីតយុទ្ធជន និងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលខេត្តបានផ្ដល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកន្លងមក ជូនអង្គប្រជុំដើម្បីជ្រាប និងពិភាក្សាដោះស្រាយ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពគ្រប់ស្ថាប័ន សូមខិតខំប្រឹងប្រែងជំរុញកិច្ចការដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលបងប្អូនធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដែលពេលនេះបងប្អូនមួយចំនួនមានវ័យចាស់ជរា ហើយមានមួយចំនួនទៀតបានទទួលមរណៈភាព ដើម្បីបងប្អូនបានទទួលដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះរស់នៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងបានសំណូមពរនូវបណ្ដាចំណុចសំខាន់ៗមួយចំនួនដាក់ជូនក្នុងអង្គប្រជុំដើម្បីពិនិត្យ និងធ្វើការដោះស្រាយផងដែរ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំក្រុមការងារចម្រុះក្នុងភារកិច្ចគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ច បម្រុងផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ នៅក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោក ញឹក បានខេង អភិបាលរង និងជាប្រធានក្រុមការងារគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ៕

ដោយ៖ សិលា


ចែករំលែក៖