ភ្នំពេញ៖ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយស្រាប់តែ កម្មវិធីប្រកួតសម្រស់ Miss GrandCambodia 2020 ត្រូវធ្វើការផ្លាស់ប្តូរទីតាំងប្រកួតភ្លាមៗយ៉ាងតក់ក្រហល់គឺមុនពេល៣ថ្ងៃប៉ុណ្ណោះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់។
កម្មវិធីប្រកួត Miss GrandCambodia 2020 បានក្លាយជារបត់ថ្មីនៃព្រឹត្តិការណ៍ប្រកួតសម្រស់របស់កម្ពុជា បើទោះបីជាកម្មវិធីនេះលេចចេញរឿងចម្រូងចម្រាសច្រើនមែនប៉ុន្តែវានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កន្លងមកកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្យMiss GrandCambodia 2020គ្រោងឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិត នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះប៉ុន្តែត្រូវបានផ្លាស់ប្តូរ។ មានការបារម្ភជាច្រើនពីសំណាក់ទស្សនិកជនថានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រពិសេសអ្នកចូលទស្សនាដោយផ្ទាល់ ខណៈការប្រកួតត្រូវបានប្តូរទៅកាន់អគារ ព្រីមៀរសែនសុខជំនួសវិញ។
លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលទទួលបានសិទ្ធិក្នុងការចាត់ចែងរៀបចំកម្មវិធី បានលើកឡើងថា ការផ្លាស់ប្តូរភ្លាមៗនេះនឹងមិនជះឥទ្ធិពលអាក្រក់ ឬនាំឲ្យមានភាពរអាក់រអួលដល់កម្មវិធីនោះឡើយ ផ្ទុយទៅវិញនឹងកាន់តែធ្វើឲ្យកម្មវិធីកាន់តែល្អព្រោះតែទីនោះនឹងត្រូវទម្លាយសាល៣បញ្ចូលគ្នា ដែលអាចអនុញ្ញាតឲ្យអ្នកចូលទស្សនាកាន់តែច្រើន។ចំពោះមូលហេតុនៅពីក្រោយការផ្លាស់ប្តូរទីតាំងនេះពីព្រោះតែទីតាំងស្តាតបានធ្វើការជូនដំណឹងមកភ្លាមៗដោយមិនអនុញ្ញាតិឲ្យមានអ្នកគាំទ្រណាម្នាក់ចូលទស្សនាក្រៅតែពីក្រុមការងារផ្សាយផ្ទាល់ និងផលិតកម្មវិធីនោះទេ។ លោកថារហូតមកដល់ល្ងាចថ្ងៃទី២៤ខែកញ្ញា នេះមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាង១ពាន់នាក់ហើយ ហើយកម្មវិធីគ្រប់យ៉ាងគឺនឹងប្រព្រឹត្តិទៅជាធម្មតាដោយមិនមានការកែប្រែកម្មវិធីណាមួយទៀតឡើយគឺលើកលែងតែទីតាំងនេះមួយប៉ុណ្ណោះព្រោះតែក្រុមការងារទាំងអស់បានត្រៀមខ្លួនជិតមួយឆ្នាំមកហើយ។ លោកបញ្ជាក់ដែរថា កម្មវិធីដែលធ្វើឡើងនៅទីតាំងថ្មីក៏មានការត្រួតពិនិត្យកម្តៅ និងការបាញ់ទឹកអាល់កុលឲ្យអ្នកចូលរួមទស្សនាផងដែរ។ លោកបញ្ជាក់ដែរថា នេះគឺជាកម្មវិធីប្រកួតដ៏ធំសម្បើមមួយនិងជាអត្តសញ្ញាណថ្មីសម្រាប់ប្រជាជាតិខ្មែរទាំងមូលព្រោះកម្មវិធី នឹងបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិ លើកតម្កើងសិល្បៈវប្បធម៌ជាតិទំនៀមទម្លាប់ លើកស្ទួយតម្លៃស្ត្រី និងរំពឹងថានឹងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕ដោយ៖ វឌ្ឍនា