ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារម្នាក់បានទាស់ពាក្យសម្ដីជាមួយបងប្រុសរបស់ខ្លួនឯងឈានដល់ប្រតាយប្រតប់គ្នា ហើយខណៈក្មួយប្រុសមកឃាត់ក៏យកបំពង់ទីបវាយទៅលើក្មួយចំក្បាលបណ្ដាលឲ្យរងរបួសយ៉ាងដំណំ លុះពេលសមត្ថកិច្ចឃាត់ខ្លួនសួរនាំក៏បែកធ្លាយធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេមួយករណីបន្ថែមទៀត។ ករណីបង្កហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី នៅចំណុចផ្ទះឈ្មោះផង់ ផល្លី ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ឈ្មោះ ផង់ ឡុញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី-ឈ្មោះ ផង់ ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២-ឈ្មោះផង់ ដារា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ដុំឥដ្ឋចំនួន១ដុំ,បំពង់ទីបចំនួន១ដើមប្រវែង០.៤៥ស.ម.។
ប្រភពដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះឈ្មោះ ផង់ ផល្លី ត្រូវជាបងជនសង្ស័យកំពុងអង្គុយហូបបាយនៅក្រោមផ្ទះជា
មួយក្មួយៗ ពេលនោះជនសង្ស័យឈ្មោះ.ផង់ ឡុញ ត្រូវជាប្អូនបានដើរមក ជិតរួចបាននិយាយឌឺដងដៀមដាមជាពាក្យសម្តីដដែលៗ ខណៈនោះឈ្មោះផង់ ផល្លីក៏បាននិយាយតបវិញថា កុំនិយាយច្រើនពេកប្រយ័ត្នអញទ្រាំមិនបាន។ភ្លាមនោះឈ្មោះ ផង់ ឡុញ ក៏ស្ទុះទៅយកដុំឥដ្ឋ១ដុំមកគប់ទៅលើឈ្មោះផង់ ផល្លី បណ្តាលឲ្យត្រូវចំកដៃខាងឆ្វេងរបួសបន្តិច ក៏មានការប្រតាយប្រតប់គ្នា។ ក្នុងពេលជាមួយគ្នានោះដែរ ឈ្មោះ ផង់ ដារាត្រូវជាក្មួយក៏បានចូលទៅឃាត់ឱ្យចេញពីគ្នាបានប្រហែល៥នាទីក្រោយមក ឈ្មោះផង់ ឡុញ ក៏បានដើរទៅយកបំពង់ទីប មកវាយទៅលើឈ្មោះ.ផង់ ដារាដែលត្រូវជាក្មួយបណ្តាលឲ្យរបួសក្បាលយ៉ាងដំណំ។
ក្រោយពីមានរឿងហេតុកើតឡើង ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចធ្វើការសួរនាំ ជនសង្ស័យក៏បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទីនៅចំណុចភូមិរកាលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផង់ឡុញ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕ស្អាងជ័យ