ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់

ចែករំលែក៖

អន្តរជាតិ៖យន្តហោះ​សម្រាប់ហ្វឹកហាត់កម្លាំងទាហាននៅអ៊ុយក្រែនបានជួបគ្រោះថ្នាក់ធ្លាក់ពេលព្យាយាមចុះចតជាបន្ទាន់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅសម្លាប់មនុស្ស ២២នាក់​។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី​២៥ខែកញ្ញា ពេលនោះយន្តហោះយោធាប្រភេទAn-26 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន បានធ្លាក់នៅតំបន់ Kharkov ស្ថិតនៅភាគខាងជើង​ប្រទេសនេះ សម្លាប់មនុស្ស ២២នាក់​។
មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ប្រទេសអ៊ុយក្រែន​បានឲ្យដឹងថា យន្តហោះ ដឹកជញ្ជូនយោធាមានមនុស្ស ២៨នាក់នៅលើយន្តហោះ រួមទាំងក្រុមអាកាសយានិក​បានធ្លាក់ពេលចុះចត ក្រោយវិលត្រឡប់មកពីហ្វឹកហាត់វិញ ។ ក្រៅពីអ្នកស្លាប់ ២២នាក់​នៅមាន​មនុស្ស២នាក់រងរបួសធ្ងន់ និង​៤នាក់ទៀតបាត់ខ្លួន។
ក្រុមពន្លត់អគ្គិភ័យ​​បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានភាព​ ។ មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុ​បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនៅឡើយទេ​៕

ដោយ៖ធី រីណា


ចែករំលែក៖