ខេត្តសៀមរាប៖ យុវជនម្នាក់ មកពីភ្ជូរស្រែវិញ សុំលុយម្តាយទិញស្រាផឹក លុះផឹកអស់កន្លះលីត្រសុំលុយម្តាយទិញស្រាផឹកទៀតមិនបាន តូចចិត្តក៏ជិះម៉ូតូចាស់មួយគ្រឿងចេញទៅចងកសម្លាប់ខ្លួននៅឆ្ងាយពីផ្ទះបានសម្រេច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ៅ វិន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ ក្រោយខឹងម្តាយជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅនឹងមែកដើមត្រមេងស្ថិត នៅចំណុចវាលស្រែខាងត្បូងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយ៥០០ម៉ែត្រពីភូមិបណ្ដាលឲ្យស្លាប់ តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យសាកសពឃើញចង.កនឹងមែកដើមត្រមេង កម្ពស់ ២,២០ម៉ែត្រ ស្លៀកខោខ្លី ពណ៌ខៀវឆ្នូតស អត់អាវ ចងនិងខ្សែកាវឡាក់រឹតប្រវែង០,៨០ម៉ែត្រ ។ តាមការសន្និដ្ឋានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ឃើញថា ជនរងគ្រោះនេះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកមែន ហើយនៅទីនោះមានស្បែកជើង១គូ និងម៉ូតូ១គ្រឿង នៅក្នែរសព។
តាមការបំភ្លឺរបស់ម្តាយប្រាប់ថា កូនគាត់មកពីភ្ជួរស្រែ ហើយសុំលុយគាត់ទៅទិញស្រាផឹក គាត់ឲ្យ១០០០០៛ លុះក្រោយមកទៅសុំគាត់ទៀត គាត់ថាឈប់ផឹកទៅប្រយ័ត្នស្អែក ទៅភ្ជួរស្រែមិនកើត គាត់មិនឲ្យលុយទេ ស្រាប់តែកូនគាត់រូបនពខឹងហើយជិះម៉ូតូចេញទៅទៅចងកសម្លាប់ខ្លួនបាត់តែម្តង ។ បន្ទាប់មកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ប្រាថ្នា