ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា៖ នៅទីបំផុត ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ដែលទើបរងប្រតិកម្មយ៉ាងដំណំពីប្រជាពលរដ្ឋកម្ពុជា ដោយសារច្រឡំដាក់ពាក្យ «VIETNAM» លើរូបប្រាសាទអង្គរវត្តនោះ បានចេញលិខិតសុំទោសជាសាធារណៈជូនចំពោះប្រជាជាតិកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិវិញហើយ។
ក្រសួងទេសចរណ៍បញ្ជាក់ថា៖ រឿងហេតុនេះកើតឡើងដោយសារ៖ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Wendy Wu Tours បានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់អាស៉ីអាគ្នេយ៍ ដែលមានរូបភាពតំបន់ ទេសចរណ៍ជាច្រើន ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្រុមហ៊ុនបានច្រឡំដាក់ពាក្យ VIETNAM នៅលើរូបភាពប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសាធារណជន។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានប្រតិកម្មជាបន្ទាន់ទៅកាន់ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងសុំទោសជាសាធារណៈ។ ពេលនោះ ក្រុមហ៊ុន Wendy Wu Tours ក៏បានឆ្លើយតប និងទទួលស្គាល់កំហុសរបស់ខ្លួនតាមរយៈលិខិតជាផ្លូវការ។
ក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយនេះ ក៏បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍នៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ។
គួរជម្រាបថា ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស ហើយក៏មានសាខានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ។
ខាងក្រោមនេះជាលិខិតសុំទោសផ្លូវការរបស់ក្រុមហ៊ុន Wendy Wu Tours និងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕
ប្រភព៖ ក្រសួងទេសចរណ៍