ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញជាច្រើនរូបចូលរួម។

ដោយឃើញបរិមាណសំរាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសំរាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ជាសំរាមសើម ២០% ជាថង់ប្លាស្ទិក និងជាង១០%ជាសំណល់រឹង។  ក្រសួងបរិស្ថានបានរៀបចំអនុក្រឹត្យដើម្បីហាមឃាត់ និងកាត់បន្ថយការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល ដើម្បីកាត់បន្ថយការប្រើប្រាស់ និងការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបរិស្ថាន។

សកម្មភាពនៅថ្ងៃនេះ ជាការបង្ហាញពីទឹកចិត្តរបស់បងប្អូនទាំងអស់ដែលបានចូលរួមលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឲ្យទីក្រុងយើងគ្មានសំរាម ។ មិនតែប៉ុណ្ណោះសកម្មភាពនាថ្ងៃនេះនឹងក្លាយជាការដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះចោលសំរាមពាសវាលពាសកាលតាមផ្លូវសារណៈ ឲ្យភ្ញាក់រលឹកឡើងវិញឲ្យចេះចូលរួមសម្អាតបរិស្ថានក្រុងយើងទាំងអស់គ្នា។ទីក្រុងយើងស្អាត គឺជាមោទនភាពរបស់ប្រជាជនយើង ដែលទីក្រុងយើងមានសោភណភាព ស្រស់ស្អាត បៃតងជានិច្ច៕

ដោយ៖ សិលា


ចែករំលែក៖