ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍អូឡាំពិក​នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ

ចែករំលែក៖

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach បាន​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ

 លោក Thomas Bach បាន​ធ្វើការប្តេជ្ញា​នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១នេះ នឹងដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ ទោះ​ជំងឺ​រាតត្បាត​សកល​មាន​ភាពមិនច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ក៏ដោយ​។ 

 ប្រធាន IOC រូបនេះបានបន្តថា “យើង​ឃើញថា កីឡា​កំពុង​វិលត្រឡប់​មកវិញ​បន្តិច​ម្តងៗ ប៉ុន្តែ​ច្បាស់​ណាស់ ព្រឹត្តិការណ៍​កីឡា​ធំៗ មួយចំនួន​បានរៀបចំ​ដោយ​ជោគជ័យ​នាពេល​ថ្មីៗ​នេះ រួមទាំង​ការប្រកួត​ក្នុង​លី​គជ​ប៉ុន​គ្រប់​កម្មវិធី​ទៀតផង​។ ចំណែក​កម្មវិធី Tour de France និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ក៏បាន​បង្ហាញ​ដល់​យើង និង​ពិភពលោក​ថា​អាច​រៀបចំ​បាន​ប្រកបដោយ​សុវត្ថិភាព​ផងដែរ ទោះបី​គ្មាន​វ៉ាក់សាំង​ក៏ដោយ”។

 ប្រធាន​គ្រប់គ្រង​អូឡាំពិក​ពិភពលោក​សញ្ជាតិ​អាល្លឺម៉ង់លោក ThomasBach បាន​បន្ថែមថា បើ​វ៉ាក់សាំង និង​វឌ្ឍនភាព​ក្នុងការ​សាកល្បង​អាច​កើតឡើង​ទាន់ពេល នោះ​នឹង​ជួយ​សម្រួល​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​អស្ចារ្យ​ថែមទៀត​។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ត្រូវ​ពន្យារពេល​មួយឆ្នាំ ដោយសារវិបត្តិកូវីដ-១៩រាតត្បាត​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​រាប់លាន​នាក់​ពាសពេញ​ពិភពលោក​។ តាម​ការគ្រោង​ទុកព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ នឹង​ចាប់​ផ្តើ​ដំណើរការ​ពីថ្ងៃ​ទី​២៣ ខែកក្កដា ​ឆ្នាំ២០២១ តទៅ​៕ដោយ៖ភារៈ


ចែករំលែក៖