ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនសង្ស័យជាឃាតក បាញ់សម្លាប់ ជាងកាត់សក់នៅជិតសាលារៀនទួលគោក ជាមន្ត្រីនគរបាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាឃាតក បាញ់មនុស្សសម្លាប់ឆៅៗ នៅទួលគោក ត្រូវបានប្រភពខ្លះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហើបថា ៖ ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ អតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។

កម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យចិត្តគ្មានក្តីមេត្តារូបនេះផងដែរ ខណៈកំណត់អត្តសញ្ញាណជនសង្ស័យបានហើយនោះ។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះ ជាបុរសម្នាក់ មុខរបរជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ក្រោយកើតហេតុ ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ៖ មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង ។
ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយធ្វើសកម្មភាពបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណាក៏ដោយ ពុំមានប្រភពណាមួយបញ្ជាក់ពីហេតុ ដែលបណ្តាលឱ្យមានការបាញ់ប្រហារនេះនៅឡើយ មកទល់នឹងព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ ខណៈសមត្ថកិច្ចកំពុងដំណើរការនីតិវិធី។

បើតាមសាច់ញាតិបញ្ជាក់ថា៖ ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។
នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។
អ្នកនៅកន្លែងកើតហេតុបានកើតការតក់ស្លុតធានិតក្រុមគ្រួសារជនរងគ្រោះ ជាពិសេសកូនៗជនរងគ្រោះដែលនៅតូចៗនៅឡើយ មិនត្រូវមានវាសនាយ៉ាងណាទៅថ្ងៃមុខបើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបានស្លាប់ចោលពួកគេទៅហើយ។
អ្នកនៅកន្លែងកើតហេតុក៏កើតការហួសចិត្តជាខ្លាំងចំពោះការខ្វះក្តីមេត្តា និងការអភ័យឱ្យគ្នារបស់គូជម្លោះនេះ ហើយបែរជាសាងហឹង្សាបន្សល់នូវវិប្បដិសារីម្ខាង ត្រូវស្លាប់ ម្ខាងប្រឈមជាប់ទោសពេញមួយជីវិត។
មួយរយៈនេះសីលធម៍សង្គម ត្រូវបានធ្លាក់ចុះ ដោយបុគ្គលមួយចំនួន មិនបានយកខួរក្បាលគិតពីបុណ្យ បាប ទោសទណ្ឌ ត្រឹៈរិៈ គិតពិចារណា ថ្លឹងថ្លៃង រកខុស រកត្រូវ ប្រកបដោយគុណធម៍នោះសោះ។
សូមយើងទាំងអស់គ្នា និយាយថាទេចំពោះការប្រព្រឹត្តអំពើមិនគម្បីក្នុងសង្គម យើងត្រូវតែកសាងអំពើល្អ អនុវត្តតាមច្បាប់ក្នុងប្រទេសជា«នីតិរដ្ឋ»ពិតៗ៕

ដោយ៖សិលា


ចែករំលែក៖