ព័ត៌មានទាន់ហេតុការណ៍៖

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មហា​ធៀ ប្រកាសថា៖ លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ

ចែករំលែក៖

អន្តរជាតិ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំនៅឆ្នាំ២០២៣ខាងមុខនេះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធៀមហាម៉ាត់ ដែលមានវ័យ៩៥ឆ្នាំ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ ប្រសិនបើការបោះឆ្នោតនោះរៀបចំទៅតាមកាលកំណត់។

លោក មហាធៀ មហាម៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតសហព័ន្ធLangkawi ដោយប្រកាសដំណឹងថា លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខឡើយ ប្រសិនបើរៀបចំតាមកាលកំណត់នោះ លោកមានអាយុកាន់តែចាស់ហើយ ពោលគឺអាយុ៩៨ឆ្នាំ។យ៉ាងណាមិញ អតីតនាយករដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ទេ ថាតើលោកនឹងចូលរួមក្នុងការបោះឆ្នោតឬអត់ ប្រសិនបើមានការរៀបចំបោះឆ្នោតមុនអាណត្តិ។បន្ថែមពីនេះ លោកមហាធៀ បានសង្កត់ធ្ងន់ថា ជំនួសឲ្យការឈរឈ្មោះបោះឆ្នោតលោកនឹងផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ឲ្យសមាជិកបក្សតែប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថាប្រសិនបើគ្មានការប្រែប្រួលទេ ការបោះឆ្នោតថ្នាក់ជាតិតាមកាលកំណត់នៅប្រទេសម៉ាឡេស៊ី នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែមានពាក្យលេចឡើងថា ម៉ាឡេស៊ីអាចនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិមុនអាណត្តិ។

ទាក់ទិននឹងព័ត៌មានបោះឆ្នោតមុនអាណត្តិខាងលើនេះ អ្នកនយោបាយម៉ាឡេស៊ីចាស់វស្សារូបនេះ បានអះអាងថា ការបោះឆ្នោតថ្នាក់ជាតិ មិនអាចធ្វើឡើងក្នុងកាលៈទេសៈCOVID-19 បានទេ ព្រោះម៉ាឡេស៊ី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយអ្នកចេញទៅបោះឆ្នោតអាចប្រឈមនឹងករណីឆ្លងកូរ៉ូណាវីរុស។ លោក មហាធៀ បានគូសបញ្ជាក់ថា ប្រសិនបើក្នុងស្ថានភាពធម្មតា ការរៀបចំបោះឆ្នោតមុនអាណត្តិអាចនឹងរៀបចំបាន។

សូមជម្រាបថា លោក មហាធៀ មហាម៉ាត់ កន្លងមកបានបង្កើតបក្ស«Pejuang» ដែលមានន័យថា «​អ្នកប្រយុទ្ធ​» ជាក់ស្តែងនៅដើមខែកញ្ញានេះ លោកមហាធៀ បានបញ្ជាក់ថា បក្សរបស់លោកអាចនឹងទទួលកៅអីសភាចំនួន៣០ ដែលអាចចងសម្ព័ន្ធជាមួយបក្សផ្សេង ក្នុងការបង្កើតរដ្ឋាភិបាលបាន។ បើតាមលោកមហាធៀ បក្សPejuang នឹងមិនចងសម្ព័ន្ធជាមួយបក្សសម្ព័ន្ធ Perikatan Nasional (PN) និងបក្សសម្ព័ន្ធ Pakatan Harapan (PH) ឡើយ។

គួរបញ្ជក់ថា លោកមហាធៀ ដែលបង្កើតបក្ស Bersatu ក្នុងឆ្នាំ២០១៦ បានដឹកនាំសម្ព័ន្ធនយោបាយ PH យកជ័យជម្នះក្នុងការបោះឆ្នោតទូទៅកាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយខ្វែងគំនិតគ្នាជាមួយប្រធានបក្ស Bersatu លោក Muhyiddin Yassin រឿងចង់ចងសម្ព័ន្ធថ្មីជាមួយបក្សអង្គការជាតិម៉ាឡេរួមរួប (UMNO) របស់លោកអតីតនាយករដ្ឋមន្ត្រី ណាជីប លោក មហាធៀ ត្រូវបានបណ្ដេញចេញពីបក្សខ្លួនបង្កើត៕ដោយ៖ស តារា


ចែករំលែក៖