ខេត្តប៉ៃលិន៖ ខាងរដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារបានទទួលព្រះអំណោយស្បៀងពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត និងជាចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀង ដែលកំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩។
ព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត បានមានសង្ឃដីកាថា៖ អំណោយដែល ឧបត្ថម្ភនាពេល នេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះ សង្ឃ ក្នុងវត្ត ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ ហើយព្រះសង្ឃ ក៏បាន ផ្តល់ ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរា គ្មាន ទីពឹង និងបញ្ហាផ្សេងៗទៀត ដោយមិនប្រកានពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ផាន់ ចាន់ធុល ក្នុងនាមរដ្ឋបាលខេត្ត និងគណៈ កម្ម ការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត សូមថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្តទាំង២គណៈ និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាល បានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យ គ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។
សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិន ទទួលពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត រួមមាន៖ អង្ករ ចំនួន ២៥០០ គីឡូក្រាម ទឹកសុទ្ធ ៦០យួរ និងបាឡុងចំនួន ២៦ ផងដែរ សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត៕
ដោយ៖ស សារ៉េត