ភ្នំពេញ៖ បុរសម្នាក់បើករថយន្តធុនធំមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តពីរគ្រឿង រួចហើយជ្រុលទៅបុកម៉ូតូ៣គ្រឿងទៀតបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវហាណូយត្រង់ចំណុចស្តុប២៤ម៉ោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស NX200T មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BC-3359 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតហើយឈប់រង់ចាំភ្លើងស្តុប។ចំណែកឯរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសពាក់ស្លាកលេខ ភ្នំពេញ 2BE-0674 ក៏ឈប់រង់ចាំភ្លើងស្តុបដែរ ភ្លាមៗនោះគេបានឃើញរថយន្តប្រភេទធុនធំមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 3C-4156 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលចង្កូតទៅបុករថយន្តពីរគ្រឿងនិងម៉ូតូ៣គ្រឿងទៀតបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែកឯរថយន្តបង្កសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងម្ចាស់នាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមច្បាប់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ