ព័ត៌មានទាន់ហេតុការណ៍៖

ពេលមេឃភ្លៀងនាំគ្នាកៀងក្របីមកផ្ទះចៃដន្យរន្ទះបាញ់មួយឆ្វាច់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ក៏មានក្មេងប្រុសម្នាក់ស្លាប់និងបុរសម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពីមានភ្លៀងធ្លាក់លាយខ្យល់ហើយនិងមានរន្ទះបាញ់ពេលនាំគ្នាកៀងក្របីត្រឡប់មកផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចេញទៅមើលដោយក្តីតក់ស្លុតបំផុត។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះចាន់ ឌី អាយុ១៣ឆ្នាំជាសិស្សរស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកអ្នករងរបួសមានឈ្មោះឃឹន  ធី  អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុផ្ទៃមេឃមានពពកខ្មៅខ្មួលខ្មាញ់រួចហើយមានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ផង ខណៈនោះបុរសនិងក្មេងប្រុសរងគ្រោះបាននាំគ្នាកៀងក្របីត្រឡប់មកផ្ទះវិញ។ពេលអ្នកទាំងពីរកំពុងដើរតាមវាលស្រែស្រាប់តែមានរន្ទះបាញ់លាន់ឮផាំងបណ្ដាលឱ្យពួកគេដេកដួលលើដីបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន បុរសដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។ចំណែកក្មេងប្រុសដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖