ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក្នុងដំណើរបេសកកម្ម មួយរយៈ បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាកម្លាំងបន្តវេននៅថ្ងៃអនាគត។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកបានថ្លែងថា៖ ក្នុងដំណើរបេសកកម្មរបស់គណៈកម្មការទី៧ ខ្ញុំពិតជាមានក្តីរំភើបក្រោយបានស្តាប់ការលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលពួកគាត់បានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ដើម្បីបង្រៀនដល់សិស្សានុសិស្ស ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងមក និងពេលនេះ។ ក្នុងបរិបទកូវីដ១៩នេះ វិស័យអប់រំរបស់យើងបានរងការប៉ះពាល់ ដែលទាមទារឱ្យលោកគ្រូ អ្នកគ្រូ បង្កើតវិធីសាស្រ្តបង្រៀនបែបថ្មី ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាបន្តបន្ទាប់ បន្ថែមពីអ្វីដែលធ្លាប់អនុវត្តកន្លងមក។
លោកបន្តថា៖ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំក្រុង ស្រុក និងគណៈគ្រប់គ្រងសាលាតាមបណ្តាខេត្តនីមួយៗ ខណៈដែលសាលារៀនត្រូវបានបិទ លោកគ្រូអ្នកគ្រូ បានខិតខំរិះរកគ្រប់មធ្យោបាយថ្មីៗ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមមានការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ការបង្រៀនតាមអនឡាញ និងការចុះបង្រៀនតាមបណ្តុំខ្នងផ្ទះ។ ទន្ទឹមនេះ ដើម្បីធានាថាសិស្សានុសិស្សអាចទទួលបានការអប់រំប្រកបដោយសមធម៌ លោកគ្រូ អ្នកគ្រូខ្លះបានធ្វើដំណើរចុះផ្ទាល់ទៅកាន់សហគមន៍ ទោះជួបការលំបាកដូចជាស្ថានភាពផ្លូវរអិលពេលភ្លៀង និងផ្ទះដែលមានឆ្កែកាច ដើម្បីយកក្រដាសមេរៀន កិច្ចការលំហាត់ ចែកដល់សិស្សានុសិស្ស ហើយខ្លះទៀតបានចុះទៅផ្ទះរបស់សិស្សផ្ទាល់ ដើម្បីផ្សព្វផ្សាយណែនាំពីគោលការណ៍របស់ក្រសួងអប់រំ និងស្នើសុំការសហការពីអាណាព្យាបាលក្នុងការជំរុញកូនៗឱ្យខិតខំរៀនសូត្រពីចម្ងាយ។ ទឹកចិត្ត និងកាយវិការនេះ ពិតជាបានឆ្លុះបញ្ចាំងពីសមាណចិត្ត និងមនសិការបស់គ្រូបង្រៀន បើទោះបីជាស្ថានភាពណាក៏ដោយ ក៏ពួកគាត់មិនបោះបង់សិស្សានុសិស្សឡើយ។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា៖ ខ្ញុំផ្ទាល់ សូមថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក ហើយខ្ញុំសង្ឃឹមថាលោកគ្រូ និងអ្នកគ្រូ និងបន្តអនុវត្តស្របតាមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានានិរន្តភាពនៃការអប់រំ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាកម្លាំងបន្តវេននៅថ្ងៃអនាគត៕
ដោយ៖ សុខ ខេមរា