ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឈ្លោះទាស់ទែងជាមួយនឹងប្រពន្ធ លុះសុំត្រូវរ៉ូវគ្នាវិញ នាងមិនព្រម ជះទឹកអាស៊ីតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរត់គេចខ្លួន បន្ទាប់ពីជះទឹកអាស៊ីតទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ខណៈសុំត្រូវគ្ននឹងប្រពន្ធ ព្រោះនាងមិនយល់ព្រម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១២ និង៣០នាទីយប់ថ្ងៃទី២៦ ឆ្លងចូលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សាយ  សុខម៉េង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបរតាំងស៊ូ   សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

  ចំណែកជនរងគ្រោះ មានឈ្មោះ សុខ នួន ហៅណាង ភេទស្រី អាយុ២៥ឆ្នាំ ជាប្រពន្ធ រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន (រងរបួសធ្ងន់) កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

មន្ត្រីជំនាញនគរបាលប៉ុស្ថិ៍ប៉ៃលិន បានឱ្យដឹងថា÷បុរសស្ត្រីទាំងពីរនាក់ខាងលើនេះបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ឋដោយគ្មានចុះសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេហើយបានយកគ្នាជាប្តីប្រពន្ធចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ អត់មានកូននឹងគ្នានោះទេ ។

 តែមួយរយៈក្រោយមកប្តីប្រពន្ធទាំងពីរនាក់ខាងលើបាននាំគ្នាទៅធ្វើការនៅប្រទេសថៃហើយក៏រស់នៅមិនចុះសម្រុងនឹងគ្នាឡើយ ។

សមត្តកិច្ចបានបន្តថា÷ ប៉ុន្តែក្រោយពីវិលត្រឡប់មកស្រុកខ្មែរវិញ ស្រាប់តែ ឈ្មោះ សាយ  សុខម៉េងជា (ប្ដី) បានសុំលែងលះជាមួយនឹងប្រពន្ឋ លុះបានមួយរយៈក្រោយមក មិនដឹងយ៉ាងម៉េច ក៏រត់ទៅសុំប្រពន្ធជាគ្នាវិញ គឺត្រូវរ៉ូវគ្នា ពោលគឺបានសុំអង្វរនាង២ទៅ៣ដងមកហើយ តែប្រពន្ឋនាងមិនព្រម ព្រោះធ្លាប់ប្រចណ្ឌ វាយដំប្រពន្ធរាប់ភ្លេច ធ្វើឱ្យនាងទ្រាំស្ទើរមិនបាន សុខចិត្តសុំបែក ។

    លុះក្រោយពីសុំត្រូវរ៉ូវគ្នាវិញនាងបដិសេធ ទើបបុរស ឈ្មោះ សាយ សុខម៉េង ជះទឹកអាសុីតទៅលើឈ្មោះ សុខ នួន ហៅណាង បណ្ដាលអោយរងរបួសធ្ងន់ ព្រោះតែខឹងសុំប្រពន្ឋធ្លាប់រស់នៅជាមួយគ្នាវិញនាងមិនព្រម ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រោយពីធ្វើសកម្មភាពជះទឹកអាស៊ីតរួចបណ្តាលឱ្យនាងរងរបួសធ្ងន់, បន្ទាប់មកត្រូវបានមន្ត្រីនគរបាលប៉ុស្ថិ៍ប៉ៃលិន ដឹកដាក់រថយន្តយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាំងយប់ ដើម្បីព្យាបាល។ ចំណែកជនសង្ស័យជាប្ដីហេងសយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ៕ ដោយ ៖ស សារ៉េត


ចែករំលែក៖