ព័ត៌មានទាន់ហេតុការណ៍៖

ហៅបុរសម្នាក់កាត់​ត​សំឡេងពលរដ្ឋទ្រហោយំបង្ហោះក្នុងTik Tok បំភ្លៃការពិតឲ្យមកសុំទោសជាសាធារណ:

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់បានកាត់តបញ្ជូលសំឡេងប្រជាពលរដ្ឋទ្រហោយំ បំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរខេត្ត​សៀមរាបពេលចុះរុះរើសាងសង់ផ្លូវ ហើយត្រូវបានរដ្ឋបាលខេត្តសៀមរាបហៅមកបំភ្លឺនិងឲ្យសារភាពកំហុស សុំទោសជាសាធារណៈចំពោះការបំផ្លើសគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ។
ប្រភពពីមន្រ្តីរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២០​ នេះថា បុរសរូបនេះឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ ២៦ឆ្នាំ បានកាត់តបញ្ជូលបន្ថែមសំឡេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា “រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ”។
ក្រោយមានការខុសឆ្គងបែបនេះបុរសនេះសារភាពថា ការផុសកាត់តបញ្ជូលសំឡេង និងចោទប្រកាន់លើអាជ្ញាធរនេះ ខ្លួនមានគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTokរបស់ខ្លួន និងទទួលបានផលប្រយោជន៍អាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
មន្រ្តីរដ្ឋបាលខេត្តសៀមរាបអះអាងថាបុរសនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមក រស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដើម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ចំពោះការបង្ហោះលើTikTokរបស់បុរសខាងលើ ជាការខុសពីការពិតទាំងស្រុងព្រោះថាកន្លងមកបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្តបានបើកផ្លូវចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាព ដែលបុរសរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរ បានជួយដល់ការរុះរើរបស់ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

ក្នុងករណីនេះរដ្ឋបាលខេត្តបានទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញ សង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។ រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ ខ្ពស់ចំពោះ សាធារណ មតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់លាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋយើង៕ដោយ៖ប្រាថ្នា


ចែករំលែក៖