ភ្នំពេញ៖ តាមឯកសារស្រាវជ្រាវរបស់ចិនបញ្ជាក់ថា ថ្ងៃទី១៥ ខែទី៨របស់ចិន ត្រូវនឹងខែកញ្ញា ឬខែឬខែតុលានៃប្រតិទិនសូរិយាគតិប្រជាជនមានសែស្រឡាយ ជាជនជាតិចិន ឬវៀតណាម នឹង
រៀបចំពិធីសែននំព្រះខែ ឬពិធីបុណ្យគោមនៅតាមផ្ទះសម្បែងរៀងៗខ្លួន។
សម្រាប់ឆ្នាំ២០២០នេះ ថ្ងៃសែននំព្រះខែនឹងធ្វើនៅថ្ងៃ១៤កើតខែអស្សុជ ឆ្នាំ ជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍ទី០១ខែតុលា ឆ្នាំ២០២០។
តើនៅក្នុងពិធីនេះ គេរៀបចំសែនព្រេនអ្វីខ្លះ? ដល់នរណា? ដើម្បីអ្វី?។
ប្រពៃណីចិន-វៀតណាមសែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ។ ក្មេងៗ ឬអ្នកខ្លះ កាន់គោម ដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរនៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ។ រីឯអ្នកខ្លះទៀត ហូបនំលោកខែ ជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។
តើពិធីបុណ្យសែនព្រះខែ មានប្រវត្តិមកពីណា?
តាមឯកសារ ពិធីបុណ្យនេះ មានតាំងពីយូរយាណាស់មកហើយ គឺតាំងពីរជ្ជកាលព្រះចៅអធិរាជ យ៉ាវ ដែលកាលនោះមានព្រះអាទិត្យរះចំនួន ១០ ធ្វើធ្វើឲ្យផែនដីឆេះ។ ខណៈនោះដែរព្រះអង្គក៏បានផ្សព្វផ្សាយរកអ្នកជំនាញបាញ់ធ្នូ។ បន្ទាប់មកក៏មានបុរសម្នាក់ ឈ្មោះ ហូវយី ទៅបាញ់ព្រះអាទិត្យអស់៩ រួចព្រះអង្គក៏ប្រទានថ្នាំជីវិតអមតៈដល់អ្នកក្លាហាន ប៉ុន្តែទាល់តែមនុស្សកាន់សីលទើបអាចលេបបាន។ នាងឆាងអ៊ី ជាអ្នកតម្បាញ ដោយខឹងនឹងប្តី ហូវយី ទៅកាន់សីលយូរ ក៏ប្រទះឃើញថ្នាំនោះ ថាលេបសម្លាប់ខ្លួន។ តែបែបរជាលេបរួចហើយ ស្រាប់តែនាងអណ្តែតឡើងលើអាកាសដល់ព្រះចន្ទនិងរស់នៅទីនោះជារៀងរហូត។
ដូច្នេះទើបគេគិតថា សម្រស់ព្រះច័ន្ទស្អាត ដែលជាសម្រស់របស់ព្រះនាងឆាងអ៊ី បានក្លាយជាទេវតារស់នៅជាមួយសត្វទន្សាយជាច្រើនក្បាល។ តាំងពីពេលនោះមកមនុស្ស មួយចំនួនតែងឃើញ រូបស្ត្រីម្នាក់អង្គុយត្បាញ និងខ្លះទៀតឃើញរូបសត្វទន្សាយក៏មាន។ តាមតំណាលតៗគ្នានេះហើយ ទើបជារៀងរាល់ថ្ងៃបុណ្យនំលោកខែ គេឃើញព្រះចន្ទពេញវង់ល្អនោះ គេតែងតែយកនំ និងម្ហូបខ្លះមានបង្អែម ដើម្បីថ្វាយព្រះនាងឆាងអ៊ី។
តាមទំនៀមចិន បុណ្យសែននំព្រះខែះខែ ជាពិធីបុណ្យធំចិន ទីពីរបន្ទាប់ពីបុណ្យរដូវផ្ការីក ឬ បុណ្យចូលឆ្នាំចិនដែលពិធីបុណ្យនេះធ្វើឡើងនៅពាក់កណ្តាលសរទរដូវ ហើយនៅប្រទេសចិន ព្រឹត្តិការណ៍ នេះគឺជា ពិធីបុណ្យធំទីពីរ ដែលមានថ្ងៃឈប់សម្រាក។
ចំណែកឯកសារចិនមួយទៀតបង្ហាញថា ប្រជាជនចិនសម័យបុរាណបានសង្កេតនូវចលនាព្រះច័ន្ទដែលមានទំនាក់ទំនងទៅនឹងការផ្លាស់ប្តូររដូវកាល និងការប្រមូលផលិតផលកសិកម្ម។ ហេតុដូច្នេះដើម្បីសម្តែងនូវការដឹងគុណចំពោះព្រះចន្ទនិងអបអរពិធីរដូវប្រមូលភោគផលកសិកម្ម ប្រជាជនចិនបានរៀបចំសែនតង្វាយភោគផលកសិកម្មដល់ព្រះច័ន្ទនៅអំឡុងថ្ងៃនៃសរទរដូវ។
ទំនៀមទម្លាប់នេះបានកើតមានចាប់តាំងពីរជ្ជកាលរាជវង្សចូវ មុនគ្រិស្តសករាជ ឆ្នាំ១០៤៦-១២៥០ ហើយពិធីបុណ្យនេះ ប្រារព្ធធ្វើតែក្នុងសាច់ញាតិរាជវង្សប៉ុណ្ណោះដែលសម័យនោះមិនមានប្រវត្តិកំណត់ត្រារក្សា ស្តីពីការរៀបចំពិធីបុណ្យនេះឲ្យបានច្បាស់លាស់ឡើយ។ ក្រោយមកក្នុងរជ្ជកាលរាជវង្សសួយក្នុងគ្រិស្តសករាជឆ្នាំ៥៨១-៦១៨ និងរជ្ជកាលរាជវង្សថាំង គ.សឆ្នាំ ៦១៨-៩០៧ ដែលមានភាពរុងរឿង ក្នុងសង្គមសេដ្ឋកិច្ចវប្បធម៌ និងមាន ជីវភាពធូរធារ បានប្រណិប័តន៍ នូវទំនៀមទម្លាប់ពិធីថ្លែងអំណរគុណដល់ព្រះច័ន្ទ បានឈានជ្រៀតចូលមកក្នុងមជ្ឈដ្ឋានប្រជាជនទូទៅ និងក្រុមរាជវង្សបានបន្ស៊ីបញ្ចូលគ្នា។ ពិធីរៀបចំពាក់កណ្តាលសរទរដូវ របស់ប្រជាជន គឺមានសេរីភាពច្រើនជាងពិធីរៀបចំដោយក្រុមរាជវង្ស ដោយមិនបានប្រកាន់យកថ្ងៃជាក់លាក់សម្រាប់ប្រារព្ធពិធីបុណ្យសរទរដូវឡើយ។ ហេតុដូច្នេះ ទើបមានការកំណត់យកថ្ងៃទីដប់ប្រាំ ខែទីប្រាំបី តាមប្រតិទិនចន្ទគតិចិន គឺជាថ្ងៃមានខែពេញវង់យកមកធ្វើជាថ្ងៃសែនតង្វាយដល់ព្រះចន្ទ្រ ព្រឹត្តិការណ៍នេះ គឺបានកើតឡើងនៅក្នុងរជ្ជកាលរាជវង្សថាំង។ នាសម័យនោះផងដែរ នៅក្នុងសម័យរាជវង្សសុងខាងជើង គ.សឆ្នាំ៩៦០-១១២៧ បុណ្យពាក់កណ្តាលសរទរដូវ បានក្លាយជាពិធីបុណ្យប្រពៃណីយ៉ាងទូលំទូលាយ រួចជាស្រេចទៅហើយ។
តាមទំនៀមទម្លាប់ប្រពៃណីចិន នៅថ្ងៃបុណ្យនេះក្រុមសមាជិកគ្រួសារជួបជុំគ្នាដោយរៀបចំតង្វាយសែនព្រះចន្ទ្រ ដោយកោតសរសើររស្មីព្រះចន្ទពេញវង់ ដោយពន្លឺត្រចះត្រចង់ បរិភោគនំព្រះខែ និងបួងសួងសុំសេចក្តីសុខសប្បាយដល់ញាតិមិត្តភក្តិដែលរស់នៅជិតឆ្ងាយឲ្យមានសេចក្តីសុខសប្បាយ អាយុយឺនយូរ និងប្រកបដោយសេចក្តីសុខចម្រើន។ ក្រៅពីនោះមានទំនៀមទម្លាប់ខ្លះបានរៀបចំអុជចង្កៀងគោម និង រាំរបាំនាគ របាំតោ (លោតម៉ុងសាយ) យោងតាមភូមិភាគខ្លះ។ ទំនៀមទម្លាប់នេះ គឺអាស្រ័យលើការប្រកាន់យកតាមការប្រតិបត្តិជាប្រពៃណីក្នុងបណ្តាជនជាតិភាគតិចនីមួយៗ ដូចជាសម្រាប់ប្រពៃណីជនជាតិម៉ុងហ្គោល បានរៀបចំ “ពិធី ដេញចាប់ព្រះចន្ទ” និង “ពិធីលួចបន្លែផ្លែឈើ” ក្នុងទំនៀមទម្លាប់ជនជាតិតុងជាដើម។
នំសែនព្រះខែ គឺជាអាហារពិសេសសម្រាប់ឱកាសបុណ្យពាក់កណ្តាលសរទរដូវ។ នៅថ្ងៃបុណ្យមនុស្សបានរៀបតង្វាយនំសែនព្រះខែ និងមានពិធីបរិភោគនំព្រះខែ។ នំសែនព្រះខែមានរសជាតិ និងទម្រង់ផ្សេងៗគ្នាតាមចំណូលចិត្តក្នុងភូមិភាគ។ ជាទូទៅនំព្រះខែមានរាងមូល ដែលជា និមិត្តរូបនៃការជួបជុំសមាជិកក្រុមគ្រួសារ ហេតុនេះការអង្គុយជួបជុំគ្នាបរិភោគនំព្រះខែក្រោមពន្លឺព្រះចន្ទពេញវង់ គឺបានធ្វើ ឲ្យនឹករលឹកដល់ញាតិមិត្តដែលស្ថិតនៅទីឆ្ងាយ។ សព្វថ្ងៃ មនុស្សម្នាបានយកនំសែនព្រះខែធ្វើអំណោយ ដល់ញាតិមិត្ត និង បានបង្ហាញការបួងសួងឲ្យមានសេចក្តីសុខសប្បាយផងដែរ៕
ស្រាវជ្រាវដោយ÷ចៅតាជេត