ភ្នំពេញ៖ ទីតាំងលក់ឡេចំនួន២តូបគ្មានស្លាកយីហោក្នុងផ្សារទួលគោក ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាប និងពិនិត្យថាតើទីតាំងទាំងនេះមានច្បាប់ត្រឹមត្រូវដែរឬទេ?
ប្រតិបត្ដិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងស្ថិតនៅតូបក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខនៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមានឬគ្មានច្បាប់ធ្វើអាជីវកម្ម និង បណ្ណប៉ាតង់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិទចាក់សោនៅខាងក្នុង ដូច្នេះរង់ចាំគណៈកម្មការចម្រុះ បន្តនីតិវិធី៕ដោយ៖រ៉ារ៉ា