ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបូមខ្សាច់របស់តាទ្រីនៅភូមិក្តីចាស់ សង្កាត់បាក់ខែង បំពងសំឡេងម៉ាសុីនខ្លាំង ហានិភ័យបាក់ច្រាំង និងបង្ហូប្រេងម៉ាសុីនដាក់លើផ្ទៃទន្លេទៀត (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់បំផុតចំពោះអាជ្ញាធរភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏ដូចជាជំនាញមន្ទីរ-ក្រសួងរ៉ែនិងថាមពល ខ្វះការយកចិត្តទុកការពារ សិទ្ធរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ហាក់មានចេតនា ការពារឱ្យផលប្រយោជន៍ខាងក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ ក្នុងនោះសូម្បីលិខិតអនុញ្ញាតច្បាប់ពីក្រសួងក៏ប្រជាពលរដ្ឋមិនដែលបានឃើញ ,កិច្ចសន្យាជាមួយប្រជាពលរដ្ឋសម្រាប់ផលប៉ះពាល់ បាក់ច្រាំងរលំផ្ទះ ការឯកភាពពីប្រជាពលរដ្ឋក៏មិនដែលធ្វើ ,ប្រជាពលរដ្ឋសំណូមពរ ក៏មិនដោះស្រាយ ។

ទីបំផុតជិត៥ឆ្នាំ ដែលក្រុមហ៊ុនតាទ្រីបូមខ្សាច់នៅចំណុចភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដំណើរការយ៉ាងរលូន លើគំនរទុក្ខសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ទទួលបានតែភាពឈឺចាប់ និងការបំពងសំឡេងម៉ាសុីនបូម ម៉ាសុីនកប៉ាល់ សាឡង់ បាក់ច្រាំងតាមមាត់ទន្លេ ការបំពុលបរិស្ថានពេលប្តូរប្រេងម៉ាសុីនកប៉ាល់ បង្ហូចូលទន្លេអណ្តែតរាយប៉ាយតាមអំពើចិត្ត។ 

ប្រជាពលរដ្ឋបានលើកឡើងថា៖ ទីតាំងបូមខ្សាច់របស់ក្រុមហ៊ុនតាទ្រី បានជួលដីលោកយាយ អ៊ុំ ម៉ុន អាយុជិត ៧០ឆ្នាំ ដែលមានក្បាលដីតែ១៥ម៉ែត្រទេ ប៉ុន្តែតាទ្រី ដាក់(អ៊ូបូមខ្សាច់) ជាមួយកប៉ាល់ដែលមានប្រវែងដល់៣០ម៉ែត្រទៅ៤០ម៉ែត្រ ប៉ះពាល់អ្នកផ្សេងៗ ។ ប្រជាពលរដ្ឋបន្តថា៖ បើ(អ៊ូបូមខ្សាច់)វិញ ដាក់ចំងាយតែ២ទៅ៣ម៉ែត្រពីច្រាំងទន្លេ អាចបង្កហានិភ័យបាក់ច្រាំងយ៉ាងផុយស្រួយបំផុត ដោយហេតុផលថា៖

ទី១-កប៉ាល់បើកចេញ-ចូលកៀកជាប់ច្រាំង ក្នុងនោះស្លាបចាក់កប៉ាល់ មានកម្លាំងកាយដីនៅជើងច្រាំងទន្លេផ្នែកខាងក្រោម ទាំងកាយចេញ ទាំងកម្លាំងបុកច្រាំង កួចយ៉ាងខ្លាំង បណ្តាលឱ្យងាយបាក់ច្រាំង ដោយកត្តាទាំងនេះពុំមានការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋរស់នៅទីនោះ និងការពាឱ្យផលប្រយោជន៍សាធារណៈរបស់រដ្ឋ។ 

ទី២-អាជីកម្មបូមខ្សាច់តាទ្រី បានបំពងសំឡេង លាន់ខ្លាំងមិនអាចឱ្យប្រជាពលរដ្ឋទទួលយកបាន នូវសកម្មភាពទាំងនេះ ។ ខណៈជិត៥ឆ្នាំ ដែលប្រជាពលរដ្ឋអនុគ្រោះយោគយល់ ។ ដូច្នេះដល់តំណាក់ការ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ តាមទិដ្ឋភាពជាក់ស្តែង ក្នុងរង្វង់ច្បាប់ទទួលយកបានទាំងអស់គ្នា គឺឱ្យខាងកប៉ាល់បូមខ្សាច់នេះ ឃ្លាតឱ្យឆ្ងាយពីផ្ទះប្រជាពលរដ្ឋបន្តិចទៅ។

ទី៣-ជាក់ស្តែងពេលដូរប្រេងម៉ាសុីនកប៉ាល់ ម្តងៗ គឺបង្ហូចូលទន្លេ គ្មានគិតដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ប្រើប្រាស់ទឹក ឬរក្សាបរិស្ថានទេ។

ចំណុចនេះតើខាងអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ -ក្រុង មន្ទីរ-ក្រសួងរ៉ែននិងថាមពល ទទួលយកបានទេ.? 

ប្រជាពលរដ្ឋបានបន្តថា៖ ស្លាបចាក់កប៉ាល់បូមខ្សាច់ ទំហំ១,២ម៉ែត្រ មានចំនួន២។ បើកម្លាំងម៉ាសុីន ពីចន្លោះ៥០០ទៅ៨០០សេសចំនួន២ ចឹងហើយ ការដាក់(អ៊ូបូមខ្សាច់)បន្តឡើងលើ ជាប់ច្រាំងបែបនេះ រឿងអីដែលមិនប៉ះពាល់បណ្តាលឱ្យបាក់ច្រាំង និងបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ កង្ហាល់ស្លាបចាក់កប៉ាល់ពេលមកដល់មាត់ច្រាំងម្តងៗ ត្រូវកាយដីជម្រៅ៤ម៉ែត្រកន្លះ នេះជាបញ្ហាបាក់ច្រាំងដោយងាយ។ តាមធម្មតាការដាក់(អ៊ូបូមខ្សាច់)យ៉ាងតិចបំផុតក៏មានចំងាយពីច្រាំងទន្លេពី៣០ម៉ែត្រ ទៅ៤០ម៉ែត្រ ប៉ុន្តែតាទ្រីដាក់ត្រឹម២ម៉ែត្រ ឬ២ម៉ែត្រកន្លះពីច្រាំងប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរ និងជំនាញគ្មានឆន្ទះទទួលខុសត្រូវ ។ រហូតដល់ប្រើលេសភូតកុហកប្រជាពលរដ្ឋថា គេបូមខ្សាច់នៅកណ្តាលទេ មិនអាចមានបញ្ហាអ្វីកើតឡើងប៉ៈពាល់ច្រាំង និងលំនៅដ្ឋាន ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា ចុះការ(អ៊ូបូមខ្សាច់)តែត្រឹមចម្ងាយ២ម៉ែត្រ ទៅ២ម៉ែត្រកន្លះនោះ អាចបំផ្លាញច្រាំងដោយសារកប៉ាល់ប្រើកម្លាំងម៉ាសុីន ស្លាបចាក់ កង្ហាល់បុក បូម រុញទៅមក ម្តងក្នុងជម្រៅជា៤ម៉ែត្រទាំងទឹកនិងដីនោះដែរឬទេ..! 

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ដោយសារហេតុផលប្រយោជន៍ណាមួយ មិនត្រឹមមិនបានរកដំណោះស្រាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តាទ្រីម្ចាស់អាជីវកម្មបូមខ្សាច់គាត់ សុទ្ធតែប្រើពាក្យសំដីទាំងមោទនភាព ថាគាត់កំពុងអភិវឌ្ឍន៍ជួយជាតិ។

ប្រជាពលរដ្ឋបន្តថា៖ ការអភិវឌ្ឍន៍ពួកគាត់ពេញចិត្ត និងចូលរួម ប៉ុន្តែសូមកុំឱ្យយកលេសអភិវឌ្ឍន៍បំពានសិទ្ធប្រជាពលរដ្ឋ ក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់នោះអី។ តាទ្រីហ៊ានទាំងយកឈ្មោះអ្នកធំ អ្នកមានអំណាច មកប្រើ ដើម្បីបំបាក់ស្មារតីពួកគាត់ ប៉ុន្តែគាត់មានជំនឿថា អ្នកធំ គាត់គិតពីប្រជាពលរដ្ឋណាស់ មិនមែនបំពានដូចអស់លោកបែបនេះទេ។

ពាក់ព័ន្ធករណីខាងលើ កន្លងទៅលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ កន្លែងបូមខ្សាច់នោះ មានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពល ហើយខាងក្រុមហ៊ុនបានយកឯកសារមកតម្កល់នៅសាលាសង្កាត់ដែរ តែលោកខ្ជិលទុក ព្រោះឯកសារនៅសង្កាត់ច្រើនពេក អត់មានកន្លែងទុក ទើបមិនរក្សាទុក។ លោកថា ឯកសារនោះក៏បានចែកជូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងភូមិក្តីចាស់។

លោកបន្តថា៖ ប្រជាពលរដ្ឋក៏បានផ្តិតមេដៃឯកភាព ឱ្យក្រុមហ៊ុនបូមខ្សាច់នៅទីនោះ ពិសេសក្រុមហ៊ុនបានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់គ្នា ។ ចំពោះបញ្ហាបូមខ្សាច់បំពងសំឡេងម៉ាសុីនពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ឬម៉ោង៧យប់ រំខានដល់ប្រជាពលរដ្ឋនោះ  លោកចៅសង្កាត់បាក់ខែង បានធ្វើការបកស្រាយថា៖ បញ្ហានេះមានមែន ..គឺមានម្តងម្កាលប៉ុណ្ណោះ ដោយហេតុផលថា ពេលខ្លះមានសាឡង់មកដឹកក៏បណ្តាលឱ្យលើសម៉ោងប៉ះពាល់ដល់ប្រជាពលរដ្ឋមែន ហើយលោកនឹងមើលការងារនេះ។ ក្នុងករណីលើកឡើងដោយចៅសង្កាត់បែបនេះ ប្រជាពលរដ្ឋតបវិញថា តាទ្រីបូមខ្សាច់ជិត៥ឆ្នាំហើយ ទាំងអាជ្ញាធរ និងខាងក្រុមហ៊ុនអត់បង្ហាញលិខិតអនុញ្ញាតច្បាប់ឱ្យប្រជាពលរដ្ឋបានដឹង បានឃើញទេ ក្នុងនោះសូម្បីកិច្ចសន្យាផ្សេងៗជាមួយប្រជាពលរដ្ឋក៏គ្មាន។ លើកលែងអ្នកបូមខ្សាច់នៅតំបន់ភូមិបាក់ខែងចាស់ សង្កាត់បាក់ខែង គេមានច្បាប់ ហើយមកធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ធានាសំណងប្រសិនបាក់ច្រាំង ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងនោះគេថែមទាំងឱ្យប្រជាពលរដ្ឋក្នុង១គ្រួសារ២០០០ដុល្លាររយៈពេល១ឆ្នាំម្តង ហើយឱ្យបន្ថែមក្នុង១ខែ ១៥០ដុល្លារ ព្រមទាំងដាក់(អ៊ូបូមខ្សាច់)ចំងាយឆ្ងាយជាង៣០ម៉ែត្រពីច្រាំងទន្លេទៀតផង បញ្ចៀសការបាក់ច្រាំង។ 

លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអោយដឹងថា៖ ទីតាំងបូមខ្សាច់នោះមានច្បាប់ តែបើការបូមបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ ឬប្រជាពលរដ្ឋប្រតិកម្ម លោកនឹងចុះពិនិត្យមើល ព្រោះមួយរយៈនេះ លោក យល់ថាមិនមានអ្វីកើតឡើង។ 

លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពល រាជធានីភ្នំពេញ មិនបានធ្វើការបកស្រាយអ្វីវែងឆ្ងាយទេ តាមទូរស័ព្ទជាមួយអង្គភាព«នគរដ្រេហ្គន» លោកថា តើគេបូមកណ្តាលទន្លេឬកន្លែងណា .! បើបូមមាត់ជ្រាំងទន្លេនោះមិនខុសអីទេ លោកថាទូរស័ព្ទពិបាកស្តាប់គ្នា ខ្សោយសេវា រួចក៏បិទទូរស័ព្ទទៅ។

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរនិងជំនាញ ចុះមកពិនិត្យជាក់ស្តែងផង ពីការដាក់(អ៊ូបូមខ្សាច់)ជាប់មាត់ច្រាំងទន្លេស្របតាមបច្ចេកទេសលិខិតអនុញ្ញាតច្បាប់ទេ ហើយបើអត់បង្ហាញលិខិតអនុញ្ញាត មិនបានធ្វើកិច្ចសន្យា យល់ព្រមពីប្រជាពលរដ្ឋ តើខាងក្រុមហ៊ុនដំណើរបានទេ.! ជិត៥ឆ្នាំហើយ តាទ្រីបូមខ្សាច់ដើម្បីតែប្រយោជន៍គាត់ ល្មមនឹងប្តូរទីតាំង ឬរំកិលទៅកាន់ទីតាំងណាដែលគ្មានប្រជាពលរដ្ឋរស់នៅ ចៀសវាងការរំខានដោយការបំពងសំឡេងម៉ាសុីនកប៉ាល់នេះផង។

ជុំវិញបញ្ហានេះ ម្ចាស់ក្រុមហ៊ុនបូមខ្សាច់ឈ្មោះ (តាទ្រី) ដែលកាន់លេខទូរស័ព្ទ 012864838 បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ ខ្ញុំឈប់ជាម្ចាស់ទីតាំងបូមខ្សាច់នោះហើយ ដោយសារខ្ញុំបានផ្ទេទៅឱ្យអ្នកថ្មី ដូច្នេះគេធ្វើអាជីវកម្មអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋខ្ញុំអត់ដឹងទេ ទុកឱ្យគេ ដោះស្រាយខ្លួនគេទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖