ភ្នំពេញ៖ នេះជាបទអន្តរាគមន៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន នៅក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅហ្សឺណែវ បានថ្លែងរយៈពេ២នាទី ដោយបញ្ជាក់ថា៖
១. រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសហការ និងចូលរួមដោយបើកចំហរ ប្រកបដោយភាព ស្មោះត្រង់ជាមួយ លោកស្រីអ្នករាយការណ៍ពិសេស។ ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុញ្ញាតឱ្យមានការជួបសន្ទនាផ្លាស់ប្តូរយោបល់ តាម រយៈវីដេអូរវាងអ្នករាយការណ៍ពិសេសជាមួយមន្ត្រីជាន់ខ្ពស់ចំនួន៦ក្រសួង កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ។
២. សិទ្ធិមនុស្សស្ថិតក្នុងរបៀបវារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ សិទ្ធិចម្បងនិងសំខាន់បំផុត ក្នុងចំណោមសិទ្ធិទាំងនេះគឺ សន្តិភាព ស្ថិរភាពសង្គម និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំង អស់។ ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺកូវីដ១៩ បានផ្តោតយកចិត្តទុកជាសំខាន់លើអាយុ ជីវិតមនុស្ស និងប្រកាន់យកគោលការណ៍មិនបោះបង់នរណាម្នាក់ចោលឡើយ។ រាជរដ្ឋាភិបាល កម្ពុជាក៏បានប្រែក្លាយការគំរាមកំហែងនៃជំងឺរាតត្បាតនេះ ទៅជាឱកាសសម្រាប់កំណែទម្រង់ ផ្ទៃក្នុង ដោយផ្អែកលើសមត្ថភាពជាតិ ក្នុងវិស័យអប់រំ សុខាភិបាល ការគាំពារសង្គម យុត្តិធម៌ និងវិស័យដទៃទៀត។
៣. លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា យើង មិនអាចជ្រើសរើស និងសម្រិតសម្រាំងយកតែសិទ្ធិណាមួយក្នុងចំណោមសិទ្ធិមនុស្សទាំងអស់ បានទេ នៅពេលវាយតម្លៃលើស្ថានភាពសិទ្ធិមនុស្ស។ តែគួរឱ្យសោកស្តាយ របាយការណ៍ ប្រចាំឆ្នាំរបស់អ្នករាយការណ៍ពិសេស បានងាកចេញពីគន្លងខាងលើនេះ ដោយសារតែការផ្អែក លើប្រភពព័ត៌មានតែមួយជ្រុង និងការផ្តោតជ្រុលតែទៅលើសិទ្ធិពលរដ្ឋនិងនយោបាយ ហើយ ពុំបានរាយការណ៍អោយបានគ្រប់គ្រាន់នូវការរីកចម្រើនវិជ្ជមានជាច្រើនផ្សេងទៀត។
សូមអាននូវខ្លឹមសារទាំងស្រុងនៃ បទអន្តរាគមន៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា