ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យខួបប្រសូត និងការយាងសោយព្រះទិវង្គត នៃអង្គព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅក្នុងសភាពដ៏មហោឡារិកអធឹកអធម ក្រៃលែងនៅព្រះពន្លា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកត ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃ សុក្រ ១៥កើតពេញបូរមី ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
គួររំលឹកថា៖ ព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រសូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩២២ និងយាងសោយព្រះទិវង្គត នៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រោមព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដោយមានការរួមដង្ហែថ្វាយនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រារព្ធនូវរាល់ ព្រះរាជពិធីបុណ្យថ្វាយ មហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ និងព្រះរាជពិធីបុណ្យដ៏ល្អប្រពៃទៅ តាមគន្លងប្រពៃណីដ៏រុងរឿងរបស់ ប្រជាជាតិខ្មែរ ដើម្បីជាកិច្ចតបស្នងថ្វាយចំពោះ ព្រះរាជគុណនូបក្ការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង បានប្រព្រឹត្តទៅដោយភាពខ្ពង់ខ្ពស់បំផុត។
សូមឧទ្ទិសថ្វាយនូវមហាព្រះរាជកុសលដ៏ខ្ពង់ខ្ពស់កើតឡើងពីព្រះរាជសទ្ធាដ៏ជ្រះថ្លា នៃអង្គសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុង ព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត។
ម្យ៉ាងវិញទៀត ដោយអំណាចនៃព្រះមហាករុណាទិគុណចំពោះ ជាតិមាតុភូមិ និងប្រជារាស្ត្រ កម្ពុជា ព្រមទាំងព្រះគុណបុណ្យ ព្រះតេជៈបារមីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាននូវការជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមបានប្រកបតែនឹងសេចក្តីសុខ សុភមង្គលត្រជាក់ត្រជុំ ចំរុងចំរើន ជាដរាបតរៀងទៅ៕
ដោយ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា