ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ ហើយនឹងបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី៣ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ជាមូយនេះការបម្រើដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គ.ជ.ប បានរៀបចំការិយាល័យផ្តល់សេវានៅតាមសាលាឃុំ សង្កាត់ទាំង ១.៦៤៦នៅទូទាំងប្រទេស។
គ.ជ..ប បានពន្យល់ថាដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។ បើមិនទាន់មានអត្តសញ្ញាណបណ្ណទេ ត្រូវទៅកាន់សាលាឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត។
សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។
គ.ជ.ប.ក៏បាន រំលឹកដែរថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ទេ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។ដូច្នេះគ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
គ.ជ.ប បានឱ្យដឹងទៀតថា ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ត្រឹមឆ្នាំ២០១៩ មានប្រជាពលរដ្ឋចុះបញ្ជីបោះឆ្នោត ចំនួន ៨,៦២៩,៣៥៧នាក់ ហើយសម្រាប់ឆ្នាំ២០២០នេះ ដោយយោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ប្រមាណ៣០០,៣៩០នាក់ឯណោះ៕
ដោយ÷ប្រាថ្នា