ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធឆ្លងប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានព្រះរាជបន្ទូលនាឱកាសនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរ និងអរគុណលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល និងសហការី ដែលបានយកចិត្តទុកដាក់ជួយសម្រួលទាំងផ្នែករដ្ឋបាល បច្ចេកទេសដល់សកម្មភាពក្នុងការកសាងប៉ុស្ដិ៍សុខភាពនេះ។

ព្រះអង្គបានមានព្រះរាជបន្ទូល អរគុណដល់អភិបាលខេត្តកណ្ដាល ដែលបានរាយការណ៍អំពីកិច្ចសហការរួមរវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន នឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាស្ថិរភាពសង្គមប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ និងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

អញ្ជើញអមព្រះរាជដំណើរក្នុងឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចចៅហ្វាវាំងវរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ៕ដោយ៖ សិលា


ចែករំលែក៖