ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីកុមារាម្នាក់ដែលកំពុងអង្គុយចុចលេងបានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋដេញចាប់បានកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅខាងក្រោយផ្សារសួនកុមារ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឌួង វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្រពាំងត្រកៀក ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាកOPPO របស់ឪពុកក្មេង ឈ្មោះសំ ណាត អាយុ៣៦ឆ្នាំ មុខរបរលក់ត្រី នៅផ្សារសួនកុមារ មានទីលំនៅភូមិកោះចិន ឃុំព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុមានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាក FZs ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-5367 បានមកឆក់យកទូរស័ព្ទពីកុមារាដែលកំពុងចុចលេងក្បែរឪពុក។ ពេលដែលឆក់បានហើយស្រាប់តែម៉ូតូរលត់ធាក់មិនឆេះ ទើបឪពុកកុមាររងគ្រោះនិងប្រជាពលរដ្ឋនាំគ្នាតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី១តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងទៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ សុខាសែនជ័យ