ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនបុរសម្នាក់ដែលបើករថយន្តដឹកដីបុកមនុស្សមួយក្រុមដែលឈរជជែកគ្នាលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះបានហើយដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ការឃាត់ខ្លួនជនបង្កនាពេលនេះ គឺក្រោយវីដេអូឃ្លីបបានបែកធ្លាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ នៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុភាគីទាំងសងខាងមិនបានប្តឹងមកសមត្ថកិច្ចទេ ពោលគឺបានធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខណៈខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរជជែកគ្នានៅលើផ្លូវសាធារណៈ។
ប៉ុន្តែក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាលមកប្រគល់ឱ្យសមត្ថកិច្ចនៅអធិការដ្ឋានស្រុកកំពង់ត្រឡាចឱ្យជួយដឹងឮ តែក្រោយមកក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកទើបបង្កឱ្យមានការភ្ញាក់ផ្អើល តែម្តង។
បន្ទាប់មក សមត្ថកិច្ចនគរបាលខាងចរាចរណ៍បានធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ។
តាមរយៈឃ្លីបវីដេអូដែលថតបានដោយចៃដន្យបង្ហាញថា មនុស្សមួយក្រុមបានឈរជជែកគ្នាលេងលើផ្លូវសាធារណៈ ខណៈឡានដឹកដីបានស៊ីផ្លេខ្លាំងៗ តែយុវជនរងគ្រោះមិនបានគេចចេញទេទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍តែម្តង ៕ ដោយ៖ ចេស្តា