ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឧទ្យានុរក្សបន្តកិច្ចខិតខំប្រឹងប្រែងការទប់ស្កាត់និងបង្ក្រាបបទល្មើស ដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃឱ្យបានគង់វង្ស

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់នៅក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរស្ថាននិងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីបានថ្លែងថាមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំ ពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ 

កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។

 ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាមានចំនួន ៦ កន្លែង មានផ្ទៃដីសរុបប្រមាណ ១ លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។ លោករដ្ឋលេខា ធិការបានឱ្យដឹងថានៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ 

ទោះយ៉ាងណាលោករដ្ឋលេខាធិការបានថ្លែងថាមន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS ជាដើម។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។    

 យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២៩៩៥ លើកដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយនកតចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ។ 

អំឡុងពេលទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបានដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចទីស្នាក់ការធំរបស់ដែនជម្រកសត្វព្រៃកែវសីមាដែលមានផ្ទុក ទៅដោយវត្ថុតាងបទល្មើសរួមមានរថយន្តប្រមាណជាង ៥០០គ្រឿង ម៉ូតូជិត ១ពាន់គ្រឿង រណារយន្ត ជាង ១ពាន់គ្រឿង អន្ទាក់ជាង ២ ម៉ឺន ហើយឈើដែលរឹបអូសបានជាច្រើនដែលបានបន្សល់ទុកតាំងពីអំឡុងពេលនៃការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងផ្ទេរ មកស្ថិតក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាននៅខែឧសភា ឆ្នាំ២០១៦។  តាមការបញ្ជាក់របស់លោកនេត្រ ភក្ត្រា វត្ថុតាងទាំងនេះបបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានកើតឡើង។ 

លោករដ្ឋលេខាធិការបានលើកឡើងថា ដោយការខិតខំ ប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បទល្មើសធនធានធម្មជាតិទ្រុងទ្រាយធំលែងកើតមានទៀតហើយ តែនៅសល់បទល្មើសទ្រុងទ្រាយតូចដែលចាំបាច់សមត្ថកិច្ចជំនាញត្រូវបន្តខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់និងបង្ក្រាបដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែលកម្ពុជាមាន។ 

លោករដ្ឋលេខាធិការបានថ្លែងថាដោយសារតែកត្តាសុខ សន្តិភាព កំណើនសេដ្ឋកិច្ចទើបបានផ្តល់ឱកាសដល់កម្ពុជាមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីការពារ និងអភិរក្សធនធានធម្មជាតិគ្រប់ជ្រុងជ្រោយ ហើយរហូតមកទល់ពេលនេះ បានធ្វើឱ្យការការពារនិងអភិរក្សធនធានធម្មជាតិកាន់តែមានភាពល្អប្រសើរដែលធ្វើឱ្យតំបន់ការពារធម្មជាតិខ្លះត្រូវបានវាយតម្លៃថាមាន សុវត្ថិភាពហើយឈានដល់ការលក់ឥណទានកាបូនទៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្នុងនោះក៏មានដែន ជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីដែលបានលក់ឥណទានកាបូនតាំងពីឆ្នាំ ២០១៦ មក៕ដោយ៖សូរិយា


ចែករំលែក៖