ព័ត៌មានទាន់ហេតុការណ៍៖

អត់សំដៅលើអ្នកធំ បុណ្យស័ក្តិយស សំខាន់បើប្រកាន់យកជំហរ យុត្តិធម៌សង្គម គឺមានដំណោះស្រាយ តាមកត្តាជោគជ័យ ឈ្នះ ឈ្នះ ស្មើគ្នា សម័យតេជោ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះលើ Facebook ផ្លូវការរបស់លោក ពីដំណោះស្រាយដីធ្លីមួយ ត្រូវបានបញ្ចប់ ជាមួយលោកផ្កាយ៤ ដោយសន្តិវិធី ។

លោក ដួង តារា សំណេរថា៖ លោកពូផ្កាយ៤ និង ភរិយាយកដំណោះស្រាយឈ្នះ-ឈ្នះតេជោ បញ្ចប់បញ្ហាវិវាទដីធ្លីដែលមានរយៈពេល៤ឆ្នាំមកនេះ។

រឿងវិវាទដីធ្លីមួយចំនួនដែលលំបាកស្មុគ្រស្មាញដោះស្រាយអោយតែឮថាមានឈ្មោះអ្នកធំ។ ប៉ុន្តែចំពោះ លោកពូ ប៊ុន សេងដែលមានតួនាទីថានៈខ្ពង់ខ្ពស់១រូបពាក់ដល់ផ្កាយ៤ គឺមិនធ្វើអោយពលរដ្ឋខកចិត្តឡើយ លោកពូនិងភរិយាបានព្យាយាមដោះស្រាយដោយសន្តិវិធី គឺជ្រើសរើសដំណោះស្រាយតេជោឈ្នះ-ឈ្នះ ដើម្បីឈ្នះទាំងអស់គ្នា។

កាលពីព្រឹកមិញ ថ្ងៃទី ៥ តុលា លោកពូ និងអ្នកមីង ឡៃ គីមហុង បានយល់ព្រមបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ៥គ្រួសារ (១-ជិន ជន, ២-សួន បូរ៉ា, ៣-សំ ថាន, ៤-ជា សារ៉ាត់, ៥-ជួន ជីវិន) លើផ្ទៃដី ៥៣,៣៩៤ម២ នៅភូមិ ទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ដួង តារា លើកឡើងថា៖ ខ្ញុំបានសម្រុះសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះតេជោ គឺភាគី ខាងពលរដ្ឋទាំង៥ គ្រួសារយល់ព្រមទទួលយកដី រីឯភាគីលោកពូ ប៊ុន សេង​ព្រមទទួលយកប្រាក់ ១៣ម៉ឺនដុល្លារ ដោយសុខចិត្តផ្តល់ជូនចំការដំឡូងដែលកំពុងដាំដុះលើដីទាំងអស់នេះទៅអោយពលរដ្ឋទាំង៥គ្រួសារថែមទៀត។

វិវាទដីធ្លីរនេះគឺកើតឡើងតាំងពីឆ្នាំ ២០១៦ហើយក៏បានប្តឹងទៅអាជ្ញាធរ និងតុលាការផងដែរ។ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ទើបចុងក្រោយអ្នកមីង ឡៃ គីមហុង សម្រេចដាក់លិខិតគោរពស្នើសុំសម្តេចតេជោអោយជួយ កាលពីថ្ងៃទី ៤ កញ្ញា ២០២០។

លោកបញ្ជាក់ថា៖ នៅព្រឹកមិញ ថ្ងៃទី ៥ តុលា ខ្ញុំបានអញ្ជេីញភាគីទាំងអស់មកប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងជាលើកចុងក្រោយនៅវិមានសន្តិភាព ឈរលើគោលការណ៍ឈ្នះ-ឈ្នះតេជោ។

លោកបន្តថា៖ ខ្ញុំសូមអរគុណដល់លោកពូ ប៊ុន សេង អ្នកមីង ឡៃ គីមហុង និងបងប្អូនប្រជាពលរដ្ឋទាំង៥គ្រួសារដែលបានជ្រើសរើសដំណោះស្រាយឈ្នះឈ្នះបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅថ្ងៃនេះ។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែមានក្តីអាណិត​ស្រលាញ់ សណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋនៅគ្រប់ទីកន្លែង​ ហើយលោកតែងតែផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖