ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះប្រមូលសំរាមក្នុងមូលដ្ឋាន

ចែករំលែក៖

      ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅព្រឹកថ្ងៃអង្គារ៍ ៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បាន បើកកិច្ចប្រជុំបន្ទាន់ជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការអោយលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។ 

ជាក់ស្តែងនៅរសៀលថ្ងៃទី៦ តុលានេះ លោកអភិបាលខណ្ឌដឹកនាំមន្ត្រីកម្លាំងសណ្តាប់ធ្នាប់ចុះប្រមូលកើបសំរាម ចាប់ពីគល់ស្ពានព្រះមុនីវង្សក្នុងសង្កាត់ច្បារអំពៅទី១ ផ្លូវ៣៦៩ ដល់ស្ពានព្រែកសំរោង អមដោយរថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូ៣គ្រឿង ។

    ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារប្រមូលសំរាមលោក ចេង មុនីរ៉ា ក៏បានណែនាំដល់ចៅសង្កាត់ ប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់​ ដេីម្បី​ងាយស្រួល​ដល់ក្រុមការងារ​ប្រមូល​សំរាម​ បានលឿន​ ។

      ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌ ច្បារអំពៅ បានជួបសំណេះសំណាលជាមួយកម្លាំង សណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ ព្រមទាំងណែនាំបន្ថែ​មលេីការចុះប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌ និងបានឧបត្ថម្ភជាអង្ករ​ និងថវិកាមួយចំនួន​ ។

    សូមរំលឹកថា ជាដំណោះស្រាយបន្ទាន់ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា​នេះដែរលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង​ រួមជាមួយរុឺម៉កប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខ​សណ្តាប់​ធ្នាប់គ្រប់ខណ្ឌ​ ​ចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ​ ខណៈ​ដែល​កម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម ដោយក្រុម​ការងារ​ប្រមូល​សំរាម​បណ្តោះអាសន្ន​នេះ​ បានចែក​ចេញជា៣វេន ៕ដោយ៖ សណ្តោស


ចែករំលែក៖