អន្តរជាតិ៖មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា មានមន្ត្រីយោធាជាច្រើនរូប របស់ក្រសួងការពារជាតិត្រូវធ្វើចត្តាឡីស័ក ក្រោយជួបជាមួយអ្នកឆ្លងកូវីដ-១៩។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានគណៈកម្មការទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបបានកាត់ផ្តាច់ ក្រោយឧត្តមនាវី Charles Ray បានរកឃើញវិជ្ជមានកូវីដ-១៩។
លោក Jonathan Hoffman អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា លោកឧត្តមនាវី Charles Ray កាលពីសប្តាហ៍មុនបានជួបប្រជុំជាមួយមន្ត្រីយោធានៅមន្ទីរបញ្ចកោណអាមេរិក ។ ប៉ុន្តែអ្នកដែលនៅក្បែរ មកទល់ពេលនេះ មិនទាន់មានរោគសញ្ញាណាមួយឡើយ ស្ថិតនៅក្នុងការតាមដាន។
នៅពេលនេះគេមិនទាន់ដឹងថាឧត្តមនាវី Charles Rayបានឆ្លងកូវីដ-១៩ ដោយរបៀបណានោះឡើយ ។ មន្ត្រីយោធាមួយរូបបានលើកឡើងថា ឧត្តមនាវី Charles Ray បានឆ្លងកូវីដ-១៩ក្រោយពេលលោកទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពី១០ថ្ងៃមុន។
សារព័ត៌មាន AP បានផ្សាយថា មានមន្ត្រីជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍តែងតាំងចៅក្រម លោកស្រីAmy Coney Barrett ធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញានៅសេតវិមាន។ ក្រោយព្រឹត្តិការណ៍នោះគេរកឃើញមានករណីឆ្លងដល់ទៅ ៩នាក់ ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំផងដែរ ៕ដោយ៖ធី រីណា