ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនីបានឆាបឆេះបង្កជាអគ្គិភ័យផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗដល់កន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋ។ ភ្លាមៗនោះក៏មានការផ្អើលឆោឡោរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចុះមកដល់ទីតាំងខាងលើជួយធ្វើអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចបានទាក់ទងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តមកជួយធ្វើអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។ កម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងដើម្បីបាញ់ទឹកពន្លត់ធ្វើឱ្យភ្លើងរលត់ទៅវិញ។
ដោយនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ៕ដោយ៖ រ៉ារ៉ា