ព័ត៌មានទាន់ហេតុការណ៍៖

អតីតឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំនៅអុីតាលី​ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង​

ចែករំលែក៖

តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូប បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលបាត់ខ្លួនពីប្រទេសអុីតាលីកាលពីឆ្នាំ​២០១៨ នោះ នៅពេលថ្មីៗនេះ​បានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ​ក្រោមការការពារពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃទី៧ខែតុលា បានផ្សាយពីរូបភាព​​លោក Jo Song Gil នៅកូរ៉េខាងត្បូង​។ ប្រសិនបើព័ត៌មានខាងលើជាការណ៍ពិតនោះ អតីតឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅអុីតាលី លោក Jo Song Gil នឹងក្លាយជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​ថ្មីបំផុត​ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពី លោក Hwang Jang-yop ទៅកាន់កូរ៉េខាងត្បូងនៅឆ្នាំ​១៩៩៧។ លោក Hwang Jang-yop ជា​ឧបការីរបស់អតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអុីល។
មន្ត្រីចារកិច្ចកូរ៉េខាងត្បូង​បានឲ្យដឹងថា​ ​លោក​ Jo Song Gil ​បានចាកចេញពីផ្ទះ​ក្នុងទីក្រុងរ៉ូម​ជាមួយនិងភរិយា​កាលពីខែវិច្ឆិកាឆ្នាំ​២០១៨ ​ហើយលោកទទួលបានការការពារសុវត្ថិភាពនៅទីតាំងសម្ងាត់មួយក្នុងតំបន់អឺរ៉ុប​ ប៉ុន្តែមិនបញ្ចាក់ថានៅប្រទេសណាឡើយ។
នៅពេលនេះតំណាងរាស្ត្រ Ha Tae-keung របស់កូរ៉េខាងត្បូង​​ និងជាសមាជិកក្រុមចារកិច្ចកូរ៉េខាងត្បូង បានបង្ហោះលើបណ្តាញសង្គម​ហ្វេសប៊ុករបស់លោកថា អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅដល់កូរ៉េខាងត្បូងតាំងពីឆ្នាំ​២០១៩ ហើយទទួលបានការការពារពីរដ្ឋាភិបាល។
គិតចាប់តាំងពីឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ មានពលរដ្ឋ​កូរ៉េខាងជើងដល់ទៅ ៣៣០០០នាក់​បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ៕ដោយ៖ធី រីណា


ចែករំលែក៖