ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លេីងឆេះយ៉ាងខ្លាំងនៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋជាច្រេីនដែលរស់នៅទល់មុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ កាលពីវេលាម៉ោង៣​ និង៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២០នេះ​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ដោយសារករណីទុស្សេខ្សែភ្លេីងបានបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លេីងយ៉ាងសន្ធោសន្ធៅ​ធ្វើឱ្យដាច់រាយប៉ាយពាសពេញផ្លូវ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកេីតហេតុបានឲ្យដឹងថា​ ដំបូងឡើយគាត់ឮសំឡេងផ្ទុះ​ផូងៗ​ រួចគាត់ក៏ចេញមកមេីលស្រាប់តែឃើញមានការឆាបឆេះខ្សែភ្លេីងលេីដំបូងសាលាអន្តរជាតិ​ អាស៊ាន​យ៉ាងខ្លាំង ទេីបនាំគ្នាស្រែកឆោឡោមានទាំងសមត្ថកិច្ចជាច្រេីនចេញពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​មកមេីលនិងរាយការណ៍ទៅភ្នាក់ងារជំនាញខាងពន្លត់អគ្គិភ័យ​ ព្រមទាំងមន្ត្រីអគ្គីសនីឲ្យជួយបិទកុងតាក់ភ្លេីងផងដែរ​ ដេីម្បីងាយស្រួលធ្វើអន្តរាគមន៍​បាញ់ពន្លត់​ ។

​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកងកម្លាំងពន្លត់អគ្គិភ័យបានចេញឡានទឹកចំនួន២គ្រឿងមកដល់​ តែដោយសារបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងដល់ផ្ទះរបស់ពួកគាត់​ ទេីបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យពីក្នុងផ្ទះអ្នកដែលមាន​ មកធ្វេីការបាញ់អស់ចំនួន៤បំពង់ក៏រលត់ទៅវិញជាស្ថាពរ​ ដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ​ ៕ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖