ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសបោះពួយទៅបុកបង្គោលភ្លើងបាក់អស់១ដើម ឯរថយន្តខ្ទេចខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសស៊េរីចាស់មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាលាបឋមសិក្សាពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសស៊េរីចាស់មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2O-8735 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូបាក់អស់១ដើម ឯរថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ផេង ភាព


ចែករំលែក៖