ព័ត៌មានទាន់ហេតុការណ៍៖

ថតវីដេអូឃ្លីបគំរាមកំហែងសម្លាប់ជនជាតិឥណ្ឌូនេស៊ីព្រោះខឹងមានទំនាក់ទំនងស្នេហាជាមួយសង្សាររបស់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ព្រោះតែខឹងនឹងជនជាតិឥណ្ឌូនេស៊ីម្នាក់​ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សាររបស់ខ្លួន ក៏ថតជាវីដេអូឃ្លីបបញ្ចេញសកម្មភាពគំរាមកំហែងថានឹងសម្លាប់ រួចផ្ញើទៅឲ្យជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ីនោះ ជាហេតុធ្វើឲ្យសង្សារភ័យក៏ប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ដែលករណីនេះបានកើតឡើង​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២និង២៨នាទី

ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

  មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ង្វៀង យុាំងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខ​របរ​បេីកបរម៉ូតូកង់បី។ ចំណែកជនរងគ្រោះ ឈ្មោះហ្វឺរី(FERRY) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនកាស៉ីណូក្រោន(ផ្នែកអនឡាញ)។

     ប្រភពដដែលបន្តថា កន្លងមក​ជនសង្ស័យបានស្រលាញ់នារីម្នាក់ឈ្មោះ គីម​ ង៉ុក  អាយុ២៩ឆ្នាំ ជនជាតិវៀតណាម​ មានទីលំនៅប្រទេសវៀតណាម។ ក្រោយមកក៏បានដឹងដំណឹងថា ឈ្មោះ 

គីម ង៉ុក ត្រូវជាសង្សាររបស់ខ្លួន បានមានទំនាក់ទំងស្នេហាជាមួយឈ្មោះ ហ្វឺរី​ FERRY ជាជនជាតិឥណ្ឌូនេស៊ី។នៅពេលនោះជនសង្ស័យក៏កើតមានចិត្តខឹង ហើយក៏បានថតជាឃ្លីបវីដេអូក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយនៅដៃមានកាន់ដាវ រួចបាននិយាយជាភាសាខ្មែរ​ និងជាភាសាវៀតណាមគំរាមសម្លាប់ទៅលើជនរងគ្រោះ។ពេលថតជាឃ្លីបវីដេអូរួចជនសង្ស័យក៏បានផ្ញើឃ្លីបវីដេអូនោះទៅឱ្យជនរងគ្រោះតាមឆាត។ ក្រោយពីឃើញរូបភាពក្នុងវីដេអូនោះ ជនរងគ្រោះនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ឱ្យជួយស្វែងរកមុខសញ្ញានេះផង។

    ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដានរក ហើយក៏បានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី ។ 

     ជនសង្ស័យ​ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖