ព័ត៌មានទាន់ហេតុការណ៍៖

ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

ចែករំលែក៖

ការប្រកួតវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងមាន៣គូសម្រាប់ព្រឹកថ្ងៃទី៩ តុលានេះបានប្រកួតចប់ហើយ ដោយក្រុមអ៊ុយរ៉ាយហ្គាយបានយកឈ្នះក្រុមភ្ញៀវឈីលីក្នុងលទ្ធផល២ទល់១។ ខ្សែប្រយុទ្ធ Suárezជាអ្នករកគ្រាប់បាល់នាំឲ្យអ៊ុយរ៉ាហ្គាយនៅនាទីទី៣៩ ដោយបាល់ប៉េណាល់ទី ប៉ុន្តែនៅនាទីទី៥៤ ខ្សែប្រយុទ្ធ Sánchez រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០+៣ ជិតចប់ការប្រកួតទៅហើយ កីឡាករ Gómez ដែលទើបប្តូរចូលរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យអ៊ុយរ៉ាហ្គាយយកឈ្នះក្រុមភ្ញៀវ ឈីលីក្នុងលទ្ធផល២ទល់១។

ចំណែកក្រុមខ្លាំងអាហ្សង់ទីនបានយកឈ្នះក្រុមភ្ញៀវអេក្វាឌ័រក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតព្រឹកនេះដែរ។ ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុម Messi ជាអ្នករកគ្រាប់បាល់នាំមុខនៅនាទីទី១៣ ក្នុងតង់ទី១ ដោយបាល់ពិន័យ១១ម៉ែត្រ។ ចូលដល់ការប្រកួតតង់ទី២ ក្រុមទាំង២មានឱកាសដូចគ្នាក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលទី ប៉ុន្តែនៅតែមិនអាចធ្វើបាន រហូតចប់ការប្រកួតអាហ្សង់ទីនឈ្នះអេក្វាឌ័រ១ទល់០។

ដោយឡែកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបានប្រកួតស្មើជាមួយក្រុមប៉េរូក្នុងលទ្ធផល២ទល់២។ ២គ្រាប់របស់ក្រុមប៉ារ៉ាហ្គាយរកបានដោយកីឡាករ Romero ម្នាក់ឯង គឺនៅនាទីទី៦៦ និងនៅនាទីទី៨១ ខណៈដែល២គ្រាប់របស់ក្រុមប៉េរូរកបានដោយកីឡាករ Carrillo ម្នាក់ឯងដែរគឺនៅនាទីទី៥២ និងនៅនាទីទី៨៥ជិតចប់ការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូងទើបតែប្រកួតបាន១ប្រកួតនេះទេ ក្រោយពីពន្យារពេលដោយសារវិបត្តិកូវីដ-១៩។ លទ្ធផលខាងលើបានបង្ហាញថា អ៊ុយរ៉ាហ្គាយបានឡើងទៅឈរលេខ១បណ្តោះអាសន្នជាមួយអាហ្សង់ទីនដែល៣ពិន្ទុដូចគ្នា។ សម្រាប់ការប្រកួតព្រឹកស្អែកថ្ងៃទី១០ តុលា មាន២គូគឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះកូឡុំប៊ីប៉ះជាមួយក្រុមវេណេស៊ុយអេឡា វេលាម៉ោង៦និង៣០នាទីព្រឹក និងក្រុមខ្លាំងប្រេស៊ីលប៉ះជាមួយក្រុមភ្ញៀវប៊ូលេវា នៅវេលាម៉ោង៧និង៣០នាទីព្រឹកម៉ោងនៅកម្ពុជា ៕ដោយ៖ភារៈ


ចែករំលែក៖