ក្លិបយក្សនៅលីគកំពូលអាល្លឺម៉ង់Bundesliga បានប្រកាសថាខ្សែការពាររបស់ក្រុម Borussia Dortmund កីឡាករ Manuel Akanjiបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលកីឡាកររូនេះបំពេញកាតព្វកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសស្វីស។
ក្លិបបានអះអាថា សហព័ន្ធបាល់ទាត់ស្វីសបានប្រកាសពីការធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃពុធ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំរូបនេះមិនមានរោគសញ្ញាអ្វីឡើយ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
ក្រុមជម្រើសជាតិស្វីសដែលបានប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃពុធ ដោយស្វីសបានចាញ់ក្រុមក្រូអាត២ទល់១ បន្ទាប់មកប៉ះជាមួយអេស្ប៉ាញនៅថ្ងៃសៅរ៍ និងប៉ះជាមួយអាឡឺម៉ង់៣ថ្ងៃក្រោយនៅក្នុងកម្មវិធី Nations League ។
ក្លិប Dortmund បានចេញសេចក្ដីថ្លែងការណ៍ថា ការធ្វើតេស្តសាកល្បងធ្វើឡើងកាលពីសប្តាហ៍មុនលើកីឡាករទាំងអស់របស់ក្លិប មុនពេលពួកគេចេញទៅប្រកួតអន្តរជាតិគឺលទ្ធផលអវិជ្ជមាន។ សេចក្តីថ្លែងការណ៍ដដែលបានអះអាងថា រាល់ការធ្វើតេស្តសាកល្បងធ្វើឡើងសម្រាប់បុគ្គលិក និងកីឡាករបន្ទាប់ពីការប្រកួតកាលពីសប្តាហ៍មុនជាមួយនឹងក្រុមហ្វ្រេងបឺគគឺអវិជ្ជមានទាំងអស់ ។
ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានឈប់សម្រាកនៅចុងសប្តាហ៍នេះដើម្បីឲ្យកីឡាករមួយចំនួនជាប់កាតព្វកិច្ចជាមួយជម្រើសជាតិ ដោយមានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតពានរង្វាន់ Nations League ៕ដោយ៖ភារៈ