ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

    ខេត្តពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យនិងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្តែងឥទ្ធិពលវិសម្ពាធទាប ដែលគ្របដណ្តប់លើប្រទេសកម្ពុជាកំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរដល់បណ្តាខេត្តភាគពាយព្យប្រទេស បានធ្វើឲ្យទឹកដែលហូរធ្លាក់ពីជួរក្រវាញ បាននាំឱ្យជន់លិចធ្ងន់ធ្ងរនៅក្នុងតាមបណ្តាស្រុក និងក្រុងពោធិ៍សាត់ នៅល្ងាចថ្ងៃទី៨ខែតុលា ឆ្នាំ២០២០ ក្នុងនាមជាកម្លាំងជួរមុខលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រីគន់ គីម តែងតែតម្កល់ការសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយនានា ជារឿងសំខាន់បំផុត។

ក្នុងប្រតិបត្តិការនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតដែលកំពុងដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់ បានថ្លែងថា តាមការព្យាករណ៍ទឹកក្រុងពោធិ៍សាត់អាចនឹងកន្លះម៉ែត្រថែមទៀតសម្រាប់យប់នេះ និងថ្ងៃស្អែក។ ការជន់នេះនឹងនាំឱ្យការលិចលង់កាន់តែខ្លាំង។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា វេលានេះកម្លាំងចម្រុះទាំងកម្លាំងប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត បាននិងកំពុងស្រាក់ដៃគ្នាធ្វើប្រតិបត្តិការរៀបចំខ្សាច់ទប់ទឹកពីស្ទឹងពោធិ៍សាត់ បញ្ចៀសការជន់លិចកាន់តែខ្លាំងក្នុងពោធិ៍សាត់។ បន្ថែមពីលើនោះ រូបលោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះផងដែរ។ ទេសរដ្ឋមន្ត្រីរូបនេះ បន្ថែមថាមិនត្រឹមតែក្រុងពោធិ៍សាត់នោះទេ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងបណ្តាតំបន់មួយចំនួនទៀតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យឧត្តរមានជ័យ និងព្រះវិហារ ក៏បានរងការជន់លិចផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានសង្កត់ធ្ងន់ថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្លាំងកងទ័ពគ្រប់កងពល និងមន្ត្រីរាជការស៊ីវិលនៅតាមតំបន់រងការជន់លិច បានចេញប្រតិបត្តិការព្រមៗគ្នាជម្លៀសប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះទឹកជំនន់។

ជាមួយគ្នាដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះឡើយទេ៕ដោយ៖ស តារា


ចែករំលែក៖