ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្ទឹងត្រែង តាមចាប់ខ្លួនឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់ជាកម្មករហាងនំខណៈជនរងគ្រោះកំពុងពកូនតូចក្នុងដៃនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ។ ប្រតិបត្តិការតាមចាប់ជនសង្ស័យជាឃាតកនេះគឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យ នេះ គឺមានចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ ។
ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ រួចមក , លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងទៅសហការជាមួយអធិការដ្ឋានខណ្ឌឫស្សីកែវ និង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ទើបឃាត់ខ្លួនឃាតកបានទាំងយប់រំលងអធ្រាត្រចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូរខ្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ឃាតក ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនវាយសម្លាប់ជនរងគ្រោះព្រោះខឹងនឹងរងគ្រោះដែលជេរប្រមាថមកលើខ្លួន រួចក៏មានចិត្តគុំកួនតែម្ដង ដោយធ្វើសកម្មភាពយកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មីចំនួន២ញញួរ មួយញញួរវាយចំសៀតផ្កា និងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់ ពិតប្រាកដមែន ។
គួររំលឹកថា អំពើឃាតកម្មនេះគឺបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ដែលមានទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ៕ ដោយ៖ចេស្តា