ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តប្រមូលសំរាមទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកហ្វេកប៊ុក របស់សាលាខណ្ឌសែនសុខបានសរសេរថា ភ្លៀងមិនមែនជាឧបសគ្គទេ តែសំរាមនៅតែជាឧបសគ្គ និងជាក្តីកង្វល់របស់អាជ្ញាធរដែលនៅតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ។រដ្ឋបាលខណ្ឌសែនសុខនៅតែបន្តប្រមូលយកសំរាមជូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ។ សូមអរគុណដល់សណ្តាប់ធ្នាប់ ប្រជាការពារ និងភ្នាក់ងារសំរាមតាមសង្កាត់ ដែលខិតខំបន្តប្រមូលយកសំរាមដោយមិនខ្លាចក្តៅខ្លាចភ្លៀង និងសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលចេញពីផ្ទះជួយយកសំរាមដាក់ឡាន នៅពេលឡានសំរាមមកដល់មុខផ្ទះ ដែលបង្ហាញពីទឹកចិត្តអាណិតស្រលាញ់ដល់អ្នកចុះប្រមូលសំរាមជំនួសបុគ្គលិកសុីនទ្រីដែលពួកគាត់ជាប់ធ្វើកូដកម្ម។
រដ្ឋបាលខណ្ឌសែនសុខនៅតែបន្តស្នើសុំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមទុកដាក់វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្រុមការងារយើងខ្ញុំនៅតែបន្តយកសំរាម រហូតដល់មានដំណោះស្រាយប្រសើរឡើង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖