ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក ធូ ភា, លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ ដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់ទាំងបីប្រភេទ គណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានដែលបានដុតដៃដុតជើងក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមករកទីទួលមានសុវត្ថិភាព និងធ្វើការគ្រប់គ្រងសភាពការណ៍ផងដែរ។
លោក អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នាបានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ។ ដូច្នេះហើយសូមឱ្យអាជ្ញាធរមូលដ្ឋានរួមសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ និងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ហើយត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបភ្លាមៗឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងនិងផ្នែកខាងក្រោមសូមមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាពនិងរស់នៅប្រកបដោយអនាម័យដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា៖ ចំពោះផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០មានដូចខាងក្រោម ៖
១-ក្រុងប៉ៃលិន ទឹកជន់ចូលផ្ទះចំនួន៥៤ ខ្នង និងទឹកហូរកាត់ផ្លូវចំនួន៥ខ្សែ ប្រវែង ៦៥០ម (ស្រកអស់ហើយ)។
២-ស្រុកសាលាក្រៅ ទឹកជន់ចូលផ្ទះចំនួន ៣៦៣ខ្នងនិងវត្តចំនួន២ សាលារៀន ចំនួន២ ទឹកហូរកាត់ផ្លូវចំនួន១០ខ្សែ ប្រវែង២៣០០ម. និងទឹកជន់ហូរកាត់ខ្នងទំនប់ចំនួន៧ខ្សែ ប្រវែង ១៣៥០ម.៕
ដោយ៖ស សារ៉េត