ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ជាច្រើនម៉ោង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាបបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងដែលជន់លិចនៅតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប។
បន្ទាប់ពីបានភ្លៀងបានធ្លាក់រាយប៉ាយគ្របដណ្តប់ទូទាំងខេត្តអស់រយៈពេលមួយថ្ងៃពេញបានធ្វើឱ្យផ្លូវនៅតាមតំបន់មួយចំនួនមានការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយបានធ្វើឱ្យដើមច័ន្ទគីរីមួយដើម ដែលរលំដួលកាត់ទទឹងផ្លូវ គងលើខ្សែភ្លើងច្រើនខ្សែ និងដំបូលហាងសាច់អាំងក្បែរវត្តដំណាក់។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានដឹកនាំក្រុមការងារធ្វើការកាត់និងដឹកជញ្ជូនចេញ ដើមដើម្បីរក្សាសុវត្ថិភាព បង្ការកុំអោយមានគ្រោះថ្នាក់ និងសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរផងដែរ។
ជាមួយនឹងការកាត់ដើមឈើ ក៏ដូចជាស្ថានភាបជំនន់យឹកកភ្លៀងនេះ លោកអភិបាលខេត្តបានសម្របសម្រួលរហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២០នេះ ប្រកបដោយសុវត្ថិភាព និងដោយមានក្រុមការងារនៃអង្គភាពអគ្គិសនីកម្ពុជាខេត្តសៀមរាប ចូលរួមធ្វើការត្រួតពិនិត្យ និងជួសជុលបណ្តាញខ្សែ បញ្ជូនចរន្តអគ្គិសនី រួចរាល់ហើយផងដែរ។
ទន្ទឹមនឹងមានការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមថាប្រទេសកម្ពុជាបាននឹងកំពុងទទួលរងសម្ពាធទាបនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះប្រឈមនឹងជំនន់ទឹកភ្លៀង៕ដោយ៖សិលា