ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនម៉ោង រដ្ឋបាលស្រុកក្រឡាញ់ បានសហការជាមួយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប ដែលកំពុងស្ថាបនាផ្លូវក្នុងស្រុកក្រឡាញ់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនស្រុក ក្រុមហ៊ុនអគ្គិសនី ពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រឃុំកំពង់ថ្កូវ(ទីប្រជុំជនស្រុក) បានជួយអន្តរាគមន៍បន្ទាន់ក្នុងការកាយដីបើកមុខទឹក ដើម្បីបញ្ចៀសទឹកជន់លិចផ្លូវ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួនដែលកំពុងមានការជន់លិចបាតផ្ទះក្នុងអំឡុងពេលជំនន់ទឹកភ្លៀងដែលបានបន្តធ្លាក់រួមមានភូមិកំពង់ថ្កូវ១ ភូមិដូរតន្រ្តី ភូមិគោកដូង និងភូមិកំពង់ថ្កូវ២។
បន្ទាប់ពីបានកាយបើកមុខទឹករួច មកទល់ពេលនេះទឹកបានស្រកជាបណ្តើរៗផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរស្រុក សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសាងសង់ស្ពានឆ្លងប្រឡាយមុខផ្ទះ ឬផ្លូវចូលដី សូមដាក់លូឱ្យបានត្រឹមត្រូវ និងស្របតាមលក្ខណៈបច្ចេកទេស ជៀសវាងចាក់ដីបិទមុខទឹកធ្វើឱ្យទឹកជន់លិចផ្លូវ និងលំនៅឋាន។
លោក ទៀ សីហា ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈ ដោយរកទីទួលសុវត្ថិភាពក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនៅតែបន្ត៕
ដោយ៖ សិលា