នៅថ្ងៃទី១១ ខែតុលា ការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ គណៈកម្មការសន្តិសុខជាតិ(NSC) ដើម្បីពិភាក្សា ស្តីពីព័ត៌មានដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែង ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នាឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។
កិច្ចប្រជុំក្រោមការដឹកនាំរបស់លោក Suh Hoon ប្រធានគណៈកម្មការសន្តិសុខជាតិ ដោយមានការចូលរួមពីមន្ត្រីសន្តិសុខជាន់ខ្ពស់ជាច្រើនរូបចូលរួម ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងការបរទស ក្រសួងការពារជាំតិ និងក្រសួងឯកភាពជាតិ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោយមេដឹកនាំគីម ជុងអ៊ុនបានថ្លែងពីក្តីសង្ឃឹមថាកូរ៉េទាំងពីរនឹងរួមដៃគ្នា ក្រោយវិបត្តិកូវីដ-១៩ បានឆ្លងផុតទៅ។
សារព័ត៌មាន យ៉ុងហាប់បានផ្សាយថា សមាជិក ក្រុម NSC បានយល់យ៉ាងច្បាស់ពីសាររបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការបង្កើតទំនាក់ទំនងល្អប្រសើររវាងកូរ៉េទាំងពីរ ក្នុងឱកាសសមស្របណាមួយ។
ក្រោយការវិភាគទៅលើសាររបស់មេដឹកនាំ គីម ជុងអ៊ុន វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកូរ៉េទាំងពីរនឹងត្រូវគោរពយ៉ាងពេញលេញដើម្បីបញ្ចៀសសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានលើកឡើងថា នេះជាសារសំខាន់របស់មេដឹកនាំ គីម ជុងអ៊ុន ដែលចង់ផ្សះផ្សាទំនាក់ទំនងល្អប្រសើរនឹងគ្នា ក្រោយបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅក្នុងសុន្ទរកថា លោក គីម បានលើកឡើងពីសន្តិភាព និងកែទម្រង់ទំនាក់ទំនងឱ្យកាន់តែប្រសើរជាមួយកូរ៉េខាងត្បូង៕
ដោយ៖ធី រីណា