ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជិត២ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ ត្រូវអាជ្ញាធរខេត្តបាត់ដំបង ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ប្រជាពលរដ្ឋដែលបានរងគ្រោះត្រូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ក្នុងរយៈកាលប៉ុន្មានថ្ងៃនេះត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា ជួយសង្គ្រោះនាំទៅកាន់ទីទួលសុវត្ថិភាពប្រមាណជិត ២ពាន់គ្រួសារ។

នាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពេលលោកមអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ស្ទឹងធំៗក្នុងខេត្តបាត់ដំបង មានស្ទឹងសង្កែ ស្ទឹងបវេល និងស្ទឹងដូនទ្រី ទឹកជំនន់បានកើតឡើងព្រមៗគ្នា និងបណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែង ផលដំណាំ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងក្រុងបាត់ដំបង និងស្រុកមួយចំនួន។

លោក បានបន្តថា ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះអាជ្ញាធរខេត្តរួមទាំងកងកម្លាំងទាំង៣ បានជួយសង្គ្រោះពលរដ្ឋដែលត្រូវទឹកលិចលង់ផ្ទះសម្បែង មិនមានបោះបង់អ្នកណាម្នាក់ ហើយអាជ្ញាធរក៏កំពុងបន្តជួយសង្គ្រោះអ្នកកំពុងលិចផ្ទះ នៅក្នុងតំបន់មួយចំនួនទៀត។

ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកបាណន់ បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅក្នុងតំបន់ពួកគាត់ គឺមានទឹកជំនន់ឡើងរាល់ឆ្នាំ ព្រោះថានៅជិតស្ទឹងសង្កែ ប៉ុន្តែនៅឆ្នាំនេះ ទឹកហាក់ឡើងខ្លាំងខុសប្លែក រហូតដល់លិចផ្ទះ និងត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា បានជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាព ដោយមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិត ដោយសារបញ្ហាទឹកជំនន់នេះទេ។

គួរបញ្ជាក់ថា នាចុងរដូវវស្សា ក្នុងឆ្នាំ២០២០នេះ នៅខេត្តបាត់ដំបង បានជួបបញ្ហាគ្រោះទឹកជំនន់ នៅតាមបណ្ដាស្រុកមួយចំនួន មានស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកបវេល ក្នុងក្រុងបាត់ដំបង និងស្រុកមួយចំនួនទៀត ដោយគ្រោះធម្មជាតិនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋជាច្រើនពាន់គ្រួសារ ដំណាំស្រូវជាច្រើនហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈពេលនេះ ក៏មានស្រុកខ្លះទឹកបានស្រកបណ្ដើរៗ និងខ្លះទៀតនៅតែបន្តលិចលង់៕

ដោយ៖សិលា


ចែករំលែក៖