ភ្នំពេញ៖ ដោយសារទឹកភ្លៀងជន់លិចខ្លាំង, លោក ប៉ា សុជាតិវង្ស និងលោក ឃួង ស្រេង ដឹកនាំមន្រ្តីដាក់ម៉ាស៉ីនបូមទឹក៦គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន បន្ទាប់ពីប្រកាសបិទចរាចរណ៍ផ្លូវលេខ ៣៧១ ជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៉ីនបូមទឹកចល័តចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹកដែលបានជន់លិច។
តាមរយៈសកម្មភាពនេះ ទាំងយប់វត្តមានរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយ៍បឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។
រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់។
សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។
ប្រជាពលរដ្ឋបានទទួលព័ត៌មាន ពីការបិទផ្លូវ៣៧១ និងដឹងពីការយកចិត្តពីអាជ្ញាធរ រាជធានីភ្នំពេញ ក្នុងសកម្មភាព បូមទឹករំដោះការជន់លិច៕
ដោយ៖សិលា