ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បន្តបេសកកម្មចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ 0,50 ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។ សូម​បញ្ជាក់​ថា​ ស្ថាន​ភាព​ទឹក​នៅ​បន្ត​ឡេីង​បន្ថែម​ទៀត​​ តែ​មិន​ទាន់​មានអ្វី​ដែល​ជា​ការយាយីដល់រាជធានី​ភ្នំពេញ​នៅ​ឡេីយ​ទេ​ ដោយ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​បាន​ធ្វើ​ការ​បិត​រូង​នាគ​ជាច្រើន​កន្លែងនៅ​តាម​តួទំនប់​​ និង​​យាម​ប្រចាំ​ការ​ ២៤​ម៉ោងលេី​២៤​ម៉ោង​ ​អស់​រយៈពេល​ជាង១សប្តាហ៍មកហើយ​ ។ ជាសំណូមពររបស់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន​ និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖