ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា-ចិន ចាប់ផ្តើមបន្តកិច្ចពិភាក្សាមន្ត្រីយោធាជាន់ខ្ពស់ ស្តីពីវិវាទព្រំដែន

ចែករំលែក៖

កិច្ចពិភាក្សា​ថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី​១២ខែតុលា ក្នុងតំបន់​Chushul ស្ថិតនៅក្នុងទឹកដីឥណ្ឌា ។ នេះជាកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី​៧ហើយ​ ស្តីពីវិបត្តិតាមបណ្តោយព្រំដែន។
សារព័ត៌មាន PTI បានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា កិច្ចពិភាក្សា នឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាងកើត Ladakh ស្ថិតក្នុងដែនអធិបតេយ្យ របស់ឥណ្ឌា​។ កិច្ចពិភាក្សានោះនឹងផ្តោតទៅលើការដកទាហានចេញពីតំបន់មានវិវាទ។

ភាគីទាំងពីរ នឹងបន្តអនុវត្តវិធានការចាំបាច់ដើម្បីរក្សា សន្តិសុខ ក្នុងតំបន់ព្រំដែន បញ្ចៀសការប្រឈមមុខដាក់គ្នា ដូចពេលកន្លងមក។
ក្រោយកិច្ចពិភាក្សាលើកទី​៦ នៅថ្ងៃទី ២១ខែកញ្ញា ភាគីទាំងពីរ បានប្រកាសពីសេចក្តីសម្រេច​មិនបញ្ជូនទាហានទៅកាន់ព្រំដែនបន្ថែមទៀតឡើយក្នុងរដូវរងាអូសបន្លាយ​រយៈពេល​៤ខែនៅទីនោះ។ កិច្ចពិភាក្សានោះដើម្បី អនុវត្តទៅតាម កិច្ចព្រមព្រៀង​៥ចំណុច​ដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌា S Jaishankar និងសមភាគីចិន​លោកវ៉ាងយី ក្នុង​ជំនួបនៅទីក្រុងមូស្គូកាលពីថ្ងៃទី​១០​ខែកញ្ញា​។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ​ពាក់ព័ន្ធបញ្ហាព្រំដែន ឥណ្ឌា ចិន​ នោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMichael Pompeo បានប្រកាសថា ចិនបានបញ្ជូនទាហាន​ដល់ទៅ​៦ម៉ឺននាក់ទៅកាន់តំបន់ព្រំដែនភាគខាងជើង​ប្រទេសឥណ្ឌា ដែលជាហេតុបង្កឲ្យមានភាពតានតឹងខ្លាំងឡើង ។ ប៉ុន្តែមកទល់ពេលនេះ ទាំងភាគីឥណ្ឌា និងចិន មិន​បានបញ្ចាក់ពីព័ត៌មាន​ខាងលើនោះឡើយ មិនដឹងថា មន្ត្រីការបរទេសអាមេរិក និយាយនោះត្រឹមត្រូវដែរឬយ៉ាងណា៕ដោយ៖ធី រីណា


ចែករំលែក៖