ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា៖ មកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកនៅតែហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ១៨៣ ដល់គីឡូម៉ែត្រ ១៩៦ ដដែល។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុង/ស្រុក៕
ដោយ៖ សិលា