ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបេីកចុះស្ពានស្ទឹងមានជ័យបុករថយន្ត Lexus ស៊េរីទំនើប២០២១​ ខ្ទេចផ្នែកខាងក្រោយ

ចែករំលែក៖

      ភ្នំពេញ ៖​ រថយន្តម៉ាកLexus ស៊េរីទំនេីបឆ្នាំ២០២១​ បេីកចុះលេីស្ពានអាកាសស្ទឹងមានជ័យ​ ត្រូវរថយន្ត ហុីយ៉ាន់ដាយ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

    តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក ហុីយ៉ាន់ដាយ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៩៧៦៦ ចេញមកពីម្ដុំអូរបែកក្អម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង  ហេីយក៏បានឆ្លងកាត់លេីស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រ័ងរថយន្ត ដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រ័ងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BJ-៨១២៨ ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

    ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្របសម្រួលអស់រយះពេលជាង២ម៉ោង​ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ​ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖